ក្នុងជីវិតមនុស្សម្នាក់ៗតែងតែមានរឿងដែលសោកស្តាយនៅក្នុងជីវិតជានិច្ចមិនថាជាអ្នកណានោះទេសុទ្ធសឹងតែជួបរឿងនេះទាំងអស់ ហើយក៏មានមនុស្សមិនតិចទេដែលចង់កែខៃរឿងទាំងអស់នោះឲ្យវាមានភាពប្រសើរឡើងវិញ ក៏ប៉ុន្តែវាមិនអាចឡើយព្រោះវាបានកើតឡើងរួចទៅហើយ ដូច្នេះគឺអ្វីដែលទទួលបានមានអ្នកអង្គុយស្តាយក្រោយប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាតែងតែគិតសោកស្តាយចំពោះជម្រើសខ្លួនឯងនៅពេលដែលវាមិនបានដូចចិត្តដែលយើងរំពឹងទុក ប៉ុន្តែមហាសេដ្ឋីលំដាប់ពិភពលោករូបនេះបាននិយាយថា “វាជាជម្រើសរបស់យើងដែលយើងបានជ្រើសដោយខ្លួនឯង ហេតុនេះបើទោះបីជាវាលំបាកយ៉ាងណា មិនអាចសម្រេចដូចចិត្តប៉ងក្តី ក៏យើងត្រូវរីករាយទទួលយកវាដាច់ខាតកុំសោកស្តាយហើយបន្ទោសខ្លួនឯងដោយសាររឿងទាំងនេះ សំខាន់ត្រូវធ្វើវាបន្តទៀតកុំបោះបង់”។

ការពិតនៅក្នុងជីវិតគឺថាយើងទាំងអស់គ្នានឹងតែងតែគិតថាគេល្អជាងយើងគ្រប់យ៉ាងហើយហេតុអ្វីយើងមិនអាចធ្វើបានដូចគេ ប៉ុន្តែអ្នកមិនដែលដឹងទេថាអ្នកមានសមត្ថភាពណាមួយល្អជាងអ្នកដទៃដែលគេមិនមាន។ អ្នកត្រូវដឹងថាមនុស្សម្នាក់មានចំណុចល្អខុសគ្នាៗព្រោះយើងកើតមកនៅក្នុងមជ្ឈដ្ឋានផ្សេងៗគ្នា ហេតុនេះផ្នត់គំនិតការគិតឬសកម្មភាពក៏វាស្ថិតទៅតាមនោះដែរ។អ្វីដែលសំខាន់គឺយើងត្រូវព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពដែលយើងមានគឺគ្រប់គ្រាន់ណាស់ទៅហើយ មិនចាំបាច់ត្រូវធ្វើឲ្យល្អគិតខ្ចោះដូចគេពេកទេ ព្រោះលើលោកគ្មានអ្វីល្អឥតខ្ចោះឡើយ។

បើតាមសម្តីរបស់មហាសេដ្ឋីលំដាប់ទីមួយរបស់ពីភពលោក Jeff Bezos បាននិយាយថាបើមិនចង់មានរឿងសោកស្តាយនៅក្នុងជីវិតទេ អ្នកត្រូវសួរខ្លួនឯងនូវសំណួរទាំងនេះសិន ៖

១.តើអ្នកបានធ្វើអ្វីដែលសម្រាប់ខ្លួនឯងហើយអស់់ឬនៅ?

២.តើអ្នកបានជ្រើសយកអ្វីដែលអ្នកចង់ធ្វើ អ្នកចង់បានហើយឬនៅ?

៣.តើអ្នករកឃើញអ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្លួនឯងហើយឬនៅ?

៤.តើអ្នកបានចាប់ផ្តើមដើរទៅរកគោលដៅរបស់ខ្លួនឯេងហើយឬនៅ?ហើយអ្នកដើរបានដល់ចំណុចណាហើយ?

៥.តើនៅពេលអ្នកពិបាកខ្លាំងតើអ្នកនឹងចុះចាញ់ឬឈប់ដើរឬយ៉ាងណា?

៦.តើអ្នកបានចំណាយពេលនៅជាមួយខ្លួនឯងបានគ្រប់គ្រាន់ហើយឬនៅ?

គួររំលឹកផងដែរថា មនុស្សដែលមិនមានរឿងសោកស្តាយនៅក្នុងជីវិតគឺជាមនុស្សម្នាក់ដែលដឹងថាខ្លួនជាអ្នកណា ដឹងថាខ្លួនឯងត្រូវធ្វើអ្វីសាកសមជាមួយខ្លួនឯង ជាមនុស្សចេះស្កប់ស្កល់ជាមួយអ្វីដែលខ្លួនមានហើយស្រឡាញ់ពេញចិត្តអ្វីដែលខ្លួនឯងធ្វើ ជាពិសេសចេះទទួលស្គាល់ការពិត៕

 

ប្រភព: Business Cambodia

上一篇:What’s So Special About Founders? 下一篇:小程序如何高效裂变营销?