បងប្អូនមួយចំនួនប្រហែលមិនទាន់យល់ច្បាស់ថាតើពាក្យ “សេរីភាពហិរញ្ញវត្ថុ” មានន័យដូចម្ដេច។ អ្នកអាចឈានដល់សេរីភាពហិរញ្ញវត្ថុ នៅពេលដែលអ្នកមិនរងសម្ពាធនៃលុយកាក់ក្នុងការរស់នៅប្រចាំថ្ងៃ។ 

ឧទាហរណ៍ រាល់ថ្ងៃបងប្អូនមួយចំនួនធំមិនទាន់សេរីភាពហិរញ្ញវត្ថុទេ ពោលគឺរាល់ថ្ងៃត្រូវក្រោកពីព្រឹកទៅធ្វើការដើម្បីរកចំណូល ហើយបើអត់ធ្វើការតែ១ខែ បងប្អូននឹងជួបបញ្ហាហិរញ្ញវត្ថុ។ តែបើអ្នកមានសេរីភាពហិរញ្ញវត្ថុគឺពួកគាត់មិនចាំបាច់ខ្វល់ខ្វាយរឿងធ្វើការដើម្បីរកចំណូលទេ ពោលគឺទោះពួកគាត់ដេកក៏នៅមានចំណូលហូរចូលហោប៉ៅដោយសារពួកគាត់មានប្រភពចំណូលមួយដែលគេហៅថាចំណូលអកម្ម។

អ៊ីចឹងនៅថ្ងៃនេះ  សូមធ្វើការលើកឡើងជាគំនិតខ្លះៗ សម្រាប់បងប្អូន ដែលចង់មានសេរីភាពហិរញ្ញវត្ថុនៅវ័យ៤០ទៅ៥០ឆ្នាំ បងប្អូនអាចចាប់ផ្ដើមធ្វើរឿងទាំងនេះវ័យខ្ទង់ ២០ឆ្នាំ។

១. ចាប់ផ្ដើមអាជីវកម្ម

គេថាបើចង់មានលុយហូរហៀរ មានតែការចេញរកស៊ីនិងវិនិយោគទេ ទើបអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានបាន។ ដូច្នេះបើអ្នកចង់មានលុយហូរហៀរ មានសេរីភាពហិរញ្ញវត្ថុ អ្នកត្រូវចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន។ រឿងចាប់ផ្ដើមអាជីវកម្មនេះទៀតសោត មិនមែនចេះតែចាប់ផ្ដើមបានងាយៗនោះទេ ពោលគឺវាទាមទារអ្នកត្រូវដឹងរឿងច្រើននិងត្រៀមខ្លួនឲ្យបានរួចរាល់ ជាពិសេសត្រូវសិក្សាស្វែងយល់ពីឱកាសរកស៊ី ថាតើគួររកស៊ីអ្វី។ 

កាលណាអ្នកចាប់ផ្ដើមរកស៊ីត្រូវ ទទួលបានជោគជ័យ អ្នកអាចជ្រើសតាំងអ្នកណាម្នាក់មកឲ្យកាន់កាប់ការងារធំមួយចំនួនជំនួស នោះអ្នកនឹងទំនេរដៃច្រើន ពោលគឺអាចទៅធ្វើអ្វីផ្សេងដែលអ្នកចង់ធ្វើ ហើយមានសេរីភាពទៀតផង។

២. វិនិយោគលើ អចលនទ្រព្យ 

ការវិនិយោគលើអចលនទ្រព្យគឺជាផ្លូវឲ្យអ្នកអាចបង្កើតភាពបាន ព្រោះយើងដឹងហើយ មនុស្សកើតកូនកើតចៅ តែដីវិញមិនចេះកើតកូនចៅដូចមនុស្សទេ ដូច្នេះ តម្លៃដីគឺកើនឡើងជារៀងរាលឆ្នាំដោយមនុស្សមានតម្រូវការដីសម្រាប់ធ្វើលំនៅឋាន។ ការមានអចលនទ្រព្យដែលអាចដាក់ជួយឲ្យគេបានគឺអ្នកនឹងទទួលបានចំណូលមួយដែលគេហៅថាចំណូលអកម្ម។ ឧទាហរណ៍ អ្នកមានផ្ទះជួល ក្នុងមួយខែអាចរកចំណូលបាន៥០០ដុល្លារពីការដាក់ចូលឲ្យគេ នោះ ក្នុងមួយខែៗអ្នកទទួលបានចំណូលអកម្មពីការដាក់ជួលផ្ទះរបស់អ្នកដោយមិនបាច់នឿយហត់នោះទេ។ អ្វីដែលអ្នកអាចចាប់ផ្ដើមក្នុងការវិនិយោគលើអចលនទ្រព្យគឺ ដាក់លុយសន្សំជាមួយដីដោយវិនិយោគទិញតាមលទ្ធភាពពោលគឺទិញដីតាមរយៈបង់រំលស់ប្រចាំខែបន្តិចម្ដងៗ។

ឧទាហរណ៍អ្នកមានប្រាក់ខែ៥០០ដុល្លារ ចង់សន្សំលុយទិញដីគឺមិនងាយបានលុយគ្រប់ទិញដីឡើយ។ ដូច្នេះអ្នកគួរប្ដូរមកវិនិយោគទិញដីតាមរយៈទិញបង់រំលស់។ ឧទាហរណ៍បើអ្នកមានប្រាក់ខែ៥០០ដុល្លារក៏អាចគិតគូទិញដីតម្លៃសមល្មមនឹងលទ្ធភាពរបស់អ្នក។ អាចនិយាយបានចំណូលប្រចាំខែ ៥០០ដុល្លារ អ្នកដាក់ដក១០០ទៅ២០០ដុល្លារសម្រាប់បង់រំលស់ដីប្រចាំខែ។ ពេលអ្នកទិញតាមលទ្ធភាពតាមរយៈទិញបង់រំលស់នោះ រយៈពេល២ឆ្នាំឬ៣ឆ្នាំ អ្នកអាចបង់ផ្ដាច់អស់ ហើយទីបំផុតអ្នកសល់ដីដែលជាទ្រព្យមួយដែលតម្លៃរបស់វាអាចនឹងកើនឡើងជារៀងរាល់ឆ្នាំ។

៣. វិនិយោគលើភាគហ៊ុន 

បច្ចុប្បន្ន ប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរ ដែលមានឈ្មោះថា ផ្សារមូលបត្រកម្ពុជា។ បងប្អូនអាចចាប់ឱកាសវិនិយោគលើភាគជាលក្ខណៈភាគហ៊ុន។ អ្នកអាចវិនិយោគទិញភាគហ៊ុនសន្សំទុកប្រចាំខែក៏បានថាតើក្នុងមួយខែអ្នកចង់វិនិយោគទិញហ៊ុនចំនួនប៉ុន្មាន។ ឧទាហរណ៍អ្នកមានប្រាក់ខែ៥០០ដុល្លារក្នុងមួយខែ អ្នកអាចដក១០០ដុល្លារក្នុងមួយខែមកវិនិយោគទិញហ៊ុនសន្សំទុករយៈពេលវែង។ ឧទាហរណ៍ បើអ្នកដាក់ផែនការទិញភាគហ៊ុនធនាគារ អេស៊ីលីដា មួយខែទិញចំនួន២០ហ៊ុននោះរយៈពេលឆ្នាំខាងមុខអ្នកនឹងកាន់ហ៊ុន អេស៊ីលីដាចំនួន១,២០០ហ៊ុន។

ចំណែកការវិនិយោគលើផ្សារភាគហ៊ុនអាចធ្វើអ្នកមានសេរីភាពហិរញ្ញវត្ថុនោះគឺ ពេលវិនិយោគលើភាគហ៊ុន អ្នកទទួលបានចំណូលពីភាគលាគដូចខ្ញុំបានលើកឧទហរណ៍ខាងលើរួចអ៊ីចឹង។ កាលណាទិញវិនិយោគទិញភាគ អ្នកទទួលបានចំណូលពីភាគលាភ ពោលគឺទោះជាអ្នមិនធ្វើការក៏លុយហូរចូលហោប៉ៅតាមរយៈចំណូលពីភាគលាគ ដែលនេះគឺជាសេរីភាពហិរញ្ញវត្ថុ។


ប្រភព: Business Cambodia


上一篇:3 Financial Myths Everyone Should Know 下一篇:创业需要知道的16个基本知识