ការចេះសន្សំលុយគឺរឿងដ៏ល្អ ព្រោះប្រាក់សន្សំគឺគេចាត់ទុកជាគ្រាប់ពូជ សម្រាប់យកទៅបង្កបង្កើនផលដូចជាយកទៅធ្វើជាដើមទុនរកស៊ីនិងយកទៅវិនិយោគជាដើម។ យ៉ាងណាមិញគេថាបើអ្នកគិតតែសន្សំមិនអាចឲ្យអ្នកក្លាយជាអ្នកមានបាន។

ទាក់ទងនឹងការសន្សំនេះដែរ ថ្ងៃនេះ សូមធ្វើការចែករំលែកនូវក្បួនសន្សំបែបថ្មីដែលបងប្អូនគួរគិតគូសន្សំព្រោះវាជួយឲ្យបងប្អូនសន្សំបណ្ដើរៗហើយសល់ទ្រព្យច្រើនទាំងមិនដឹងខ្លួន។

១. សន្សំជាមួយដី 

ការសន្សំជាមួយដី កន្លែងនេះខ្ញុំចង់សំដៅទៅលើការវិនិយោគទិញទៅតាមលទ្ធភាពរបស់បងប្អូន។ យើងដឹងហើយថាតម្លៃដីពីមួយឆ្នាំទៅមួយឆ្នាំកាន់តែឡើងថ្លៃ ហើយការទិញដីនេះទៀតសោតអ្នកត្រូវចំណាយលុយច្រើនពោលគឺខ្ទង់ពាន់ដុល្លារឯណោះបានទិញដីបានមួយកន្លែង។

ដូច្នេះបើបងប្អូនព្យាយាមសន្សំលុយដើម្បីទិញដីមួយកន្លែងគឺមិនងាយបានលុយពីប្រាក់សន្សំយកទៅទិញដីឡើយព្រោះ តម្លៃដីកាន់តែឡើងឆ្នាំចំណែកការដាក់ប្រាក់សន្សំនៅធនាគារបានការប្រាក់ច្រើនបំផុតប្រមាណ៧%ប៉ុណ្ណោះ។ អ៊ីចឹងអ្វីដែលអ្នកគួរធ្វើគឺដាក់លុយសន្សំជាមួយ ដោយវិនិយោគទិញតាមលទ្ធភាពពោលគឺទិញតាមរយៈបង់រំលស់ប្រចាំខែបន្តិចម្ដងៗ។

ឧទាហរណ៍អ្នកមានប្រាក់ខែ៥០០ដុល្លារ ចង់សន្សំលុយទិញដីគឺមិនងាយបានលុយគ្រប់ទិញដីឡើយ។ ដូច្នេះអ្នកគួរប្ដូរមកវិនិយោគទិញដីតាមរយៈទិញបង់រំលស់។ ឧទាហរណ៍បើអ្នកមានប្រាក់ខែ៥០០ដុល្លារក៏អាចគិតគូទិញដីតម្លៃសមល្មមនឹងលទ្ធភាពរបស់អ្នក។ អាចនិយាយបានចំណូលប្រចាំខែ ៥០០ដុល្លារ អ្នកដាក់ដក១០០ទៅ២០០ដុល្លារសម្រាប់បង់រំលស់ដីប្រចាំខែ។ ពេលអ្នកទិញតាមលទ្ធភាពតាមរយៈទិញបង់រំលស់នោះ រយៈពេល២ឆ្នាំឬ៣ឆ្នាំ អ្នកអាចបង់ផ្ដាច់អស់ ហើយទីបំផុតអ្នកសល់ដីដែលជាទ្រព្យមួយដែលតម្លៃរបស់វាកាន់តែកើនឡើងជារៀងរាល់ឆ្នាំ។ 

ការវិនិយោគទិញដីនេះ មិនមែនចេះតែទិញទាំងដឹងអ្វីនោះទេ ពោលគឺអ្នកត្រូវមានគោលដៅថាក្នុងគោលបំណងអ្វី ទិញដើម្បីទុកលក់យកប្រាក់ចំណេញ ទិញដើម្បីទុកសង់ផ្ទះ ឬទិញដើម្បីធ្វើជាទីតាំងរកស៊ី។ បើអ្នកទិញដីដោយមានគោលបំណងច្បាស់លាស់ អ្នកក៏ត្រូវសិក្សាថាតើដីនៅកន្លែងណាគួរទិញនិងនៅកន្លែងមិនគួរទិញ ជាពិសេសទិញពីម្ចាស់ដែលគេមានកម្មសិទ្ធិត្រឹមត្រូវស្រប់ច្បាប់ទើបទិញទៅគ្មានហានិភ័យ។ ក្នុងការទិញដីមានរឿងមួយចំនួនដែលអ្នកត្រូវសិក្សាស្វែង។ អ្នកអាចសួរនាំបងប្អូនឬមិត្តភក្ដិដែលពួកគាត់ធ្លាប់វិនិយោគទិញថាតើ ដើម្បីទិញមួយកន្លែងបានជោគជ័យតើគេត្រូវមើលលើអ្វីខ្លះ។

២. សន្សំជាមួយភាគហ៊ុន 

ទាក់ទងនឹងការសន្សំលុយជាមួយភាគហ៊ុននេះខ្ញុំក៏ធ្លាប់សរសេរអត្ថបទមួយដោយដាក់ចំណងជើងថា” សន្សំលុយមិនសល់! មកដឹងពីរបត់សន្សំលុយបែបថ្មីធ្វើឲ្យលុយកើននិងមានសេរីភាពហិរញ្ញវត្ថុ”។ 

បើនិយាយពីការសន្សំលុយបងប្អូនទាំងអស់គ្នានឹកឃើញដល់ធនាគារព្រោះធនាគារជាកន្លែងសន្សំលុយមានសុវត្ថិភាពហើយទទួលបានការប្រាក់ប្រចាំឆ្នាំប្រមាណពី៤%ទៅ៨%ទៅតាមគោលការណ៍របស់គ្រឹះស្ថាននីមួយៗ។

ជាជាងសន្សំលុយទៅធនាគារដែលធ្វើឲ្យលុយរបស់អ្នកកើនឡើងយឺត អ្នកសំឡឹងមើល ការសន្សំលុយបែបថ្មីមួយដែលបងប្អូនយើងមួយចំនួនធំមិនទាន់បានដឹងឬមិនទាន់ដឹងពីសារសំខាន់នៃការសន្សំលុយបែបថ្មីនេះ។ការសន្សំលុយបែបថ្មីនេះគឺយកលុយវិនិយោគលើផ្សារភាគហ៊ុន។

ប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរ ដែលមានឈ្មោះថា” ផ្សារមូលបត្រកម្ពុជា” ( Cambodia Securities Exchange-CSX)។ តាមការវិនិយោគលើផ្សារហ៊ុនគឺជាការសន្សំ ជាពិសេសបើអ្នកជ្រើសរើសការវិនិយោគរយៈពេលវែង។

បើបងប្អូនយកដាក់ធនាគារគឺអាចទទួលបានការប្រាក់ប្រមាណពី៤%ទៅ៨% ដែលជាការប្រាក់ថេរប៉ុណ្ណោះ។ តែបើអ្នកយកលុយមកវិនិយោគលើផ្សារហ៊ុនគឺអ្នកនឹងទទួលបានភាគលាភប្រចាំឆ្នាំ។ ឧទាហរណ៍បើអ្នកទិញភាគហ៊ុនធនាគារ អេស៊ីលីដា អ្នកនឹងទទួលបានចំណូលពីភាគលាភ ពោលគឺពេល ធនាគារ អេស៊ីលីដារកស៊ីចំណេញចែកភាគលាភដល់អ្នកដែលជាម្ចាស់ហ៊ុន។

មួយវិញទៀត ការវិនិយោគលើផ្សារហ៊ុន អ្នកអាចទទួលប្រយោជន៍ពីកំណើនមូលធន( capital gain)។ ឧទាហរណ៍ថ្ងៃនេះ អ្នកទិញភាគ ធនាគារ អេស៊ីលីដាក្នុងតម្លៃ២ម៉ឺនរៀលក្នុងមួយហ៊ុន។ អ្នកកាន់ហ៊ុននេះ រយៈមួយ ហើយមួយឆ្នាំក្រោយ ភាគហ៊ុន អេស៊ីលីដាដែលអ្នកទិញបានឡើងថ្លៃដល់ ១០ម៉ឺនរៀលក្នុងមួយហ៊ុន។ ពេលឃើញហ៊ុនឡើងថ្លៃបែបនេះអ្នកអាចលក់ចេញដើម្បីយកប្រាក់ចំណេញយកទៅធ្វើអ្វីផ្សេងឬយកទៅទិញភាគហ៊ុនផ្សេងៗក៏បាន។

អ្នកអាចវិនិយោគទិញភាគហ៊ុនសន្សំទុកប្រចាំខែក៏បានថាតើក្នុងមួយខែអ្នកចង់វិនិយោគទិញហ៊ុនចំនួនប៉ុន្មាន។ ឧទាហរណ៍អ្នកមានប្រាក់ខែ៥០០ដុល្លារក្នុងមួយខែ អ្នកអាចដក១០០ដុល្លារក្នុងមួយខែមកវិនិយោគទិញហ៊ុនសន្សំទុករយៈពេលវែង។ ឧទាហរណ៍ បើអ្នកដាក់ផែនការទិញភាគហ៊ុនធនាគារ អេស៊ីលីដា មួយខែទិញចំនួន២០ហ៊ុននោះរយៈពេលឆ្នាំខាងមុខអ្នកនឹងកាន់ហ៊ុន អេស៊ីលីដាចំនួន១,២០០ហ៊ុន។ 

ចំណែកការវិនិយោគលើផ្សារភាគហ៊ុនអាចធ្វើអ្នកមានសេរីភាពហិរញ្ញវត្ថុនោះគឺ ពេលវិនិយោគលើភាគហ៊ុន អ្នកទទួលបានចំណូលពីភាគលាគដូចខ្ញុំបានលើកឧទហរណ៍ខាងលើរួចអ៊ីចឹង។ កាលណាទិញវិនិយោគទិញភាគ អ្នកទទួលបានចំណូលពីភាគលាភ ពោលគឺទោះជាអ្នមិនធ្វើការក៏លុយហូរចូលហោប៉ៅតាមរយៈចំណូលពីភាគលាគ ដែលនេះគឺជាសេរីភាពហិរញ្ញវត្ថុ។


ប្រភព: Business Cambodia 

上一篇:The 4 Major Business Organization Forms 下一篇:创业者应具备的基本商业知识