គ្រប់គ្នាប្រហែលជាធ្លាប់បានស្គាល់រួចមកហើយថា McDonald’s គឺជាយីហោហ្រ្វេនឆាយប៊ឺហ្គឺដ៏ល្បាញបំផុតមួយ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤៨។ ហើយបច្ចុប្បន្ននេះយីហោ McDonald’s មានតម្លៃខ្លួនប្រមាណជាង ១៦៣ពាន់លានដុល្លារ និងអាចពង្រីកខ្លួនបានប្រមាណជា ៣៨,៦៩៥ សាខា នៅក្នុងបណ្ដា ១២០ប្រទេសជុំវិញពិភពលោក។

យ៉ាងណាមិញ ស្របពេលដែលយីហោតូចធំជាច្រើនបានសម្រុកចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែយីហោ McDonald’s បែរជាពុំទាន់មានវត្តមានកម្ពុជាដោយសារ។ ដោយសារហេតុនេះ មានសំណួរមួយ បានចោទសួរថា ហេតុអ្វីបានជាយីហោមួយនេះមិនមានវត្តមាននៅកម្ពុជា ខណៈមានវត្តមាននៅប្រទេសជិតខាងយើង ដូចជាថៃ និងវៀតណាម តែបែរជាគ្មានសូម្បីមួយសាខា នៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមនេះ គឺជាមូលហេតុធំ ៥យ៉ាង ទំនងជាដើមចម ដែលធ្វើឱ្យស្តេចយីហោប៊ឺហ្គឺ McDonald’s មិនទាន់ចូលមកស្រុកខ្មែរនៅឡើយ៖
១. ចំនួនប្រជាជននៅក្នុងទីក្រុងមានតិច៖McDonald’s លើកឡើងថា ប្រជាជនកម្ពុជានៅមានចំនួនតិចតួចនៅឡើយ ជាពិសេសគឺចំនួនប្រជាជនដែលរស់នៅក្នុងរាជធានីធំបំផុតគឺភ្នំពេញ មានតែប្រហែលជាង ២លាននាក់ប៉ុណ្ណោះ ខណៈនៅទីក្រុងបាំងកក និងហូជីមិញដែលនៅជិតខាងប្រទេសកម្ពុជាវិញ មានមនុស្សរស់នៅជិត ១០លាននាក់នៃទីក្រុងនីមួយៗ ហើយចំណូលក៏មានកម្រិតខ្ពស់ផងដែរ។

២. ឱកាសពង្រីកសាខាបានតិច៖McDonald’s គឺជាយីហោហ្វ្រេនឆាយមួយ ដែលត្រូវការដើមទុនច្រើនបន្តិច នៅក្នុងការបើកសាខានីមួយៗ។ ហើយសម្រាប់ទីផ្សារកម្ពុជា ឱកាសក្នុងការពង្រីកសាខាគឺមានតិចមែនទែន ដោយសារតែខេត្តក្រុង ដែលមានមនុស្សរស់នៅច្រើន មានតែពីរ បីខេត្តប៉ុណ្ណោះ។

ជាក់ស្តែង McDonald’s បានលើកឡើងថា បើសិនជា McDonald’s ហោះចូលទីផ្សារស្រុកខែ្មរ ក្នុងពេលនេះ ឱកាសដែលអាចពង្រីកសាខាបាន គឺមានតែខេត្តសៀមរាប និងខេត្តព្រះសីហនុប៉ុណ្ណោះ។ ដូច្នេះ McDonald’s មិនទាន់ចង់ចំណាយលុយធំ ហើយបានចំណូលមកវិញតិច នៅឡើយទេ។

៣. ប៊ឺហ្គឺមិនទាន់ពេញនិយមខ្លាំង៖ ទោះបីអ្នកនិយមញ៉ាំប៊ឺហ្គឺ មានការកើនឡើងក៏ដោយ ប៉ុន្តែប៊ឺហ្គឺមិនមែនជាអាហារគោល សម្រាប់ប្រជាជនកម្ពុជា ញ៉ាំជារៀងរាល់ថ្ងៃឡើយ។ មួយវិញទៀត ភ្ញៀវបរទេសដែលមកលេងនៅក្នុងប្រទេសកម្ពុជា ក៏មានចំនួនតិចផងដែរ។ ដោយឡែក បើយើងមើលប្រទេសជិតខាងកម្ពុជា ដូចជាថៃ ទោះបីប្រជាជនគេ មិនសូវនិយមញ៉ាំប៊ឺហ្គឺក៏ដោយ ប៉ុន្តែប្រទេសមួយនេះ មានភ្ញៀវបរទេសទៅលេងច្រើន ហេតុនេះ McDonald’s អាចលក់ឱ្យភ្ញៀវក្នុងស្រុកផង និងភ្ញៀវបរទេសផង។

៤. ចំណូលប្រជាជនមានកម្រិតទាប៖ ដោយសារតែកម្ពុជា ជាប្រទេសមួយកំពុងធ្វើការអភិវឌ្ឍ ហើយចំណូលរបស់ប្រជាជន មានកម្រិតទាបនៅឡើយ McDonald’s បានធ្វើការបដិសេធ មិនចូលទីផ្សារស្រុកខ្មែរទេ។ ហើយរឿងចំណូលនេះ មិនមែនមានតែប្រទេសកម្ពុជាទេ សូម្បីតែប្រទេស Yemen ក៏ត្រូវបាន McDonald’s បដិសេដមិនដាក់ទុករកស៊ីនៅទីនោះដែរ ដោយសារតែចំណូលប្រចាំឆ្នាំ របស់ប្រជាជនក្នុងមួយនាក់ មានតែជាង ៩០០ដុល្លារប៉ុណ្ណោះ ខណៈកម្ពុជា មានតែជាង ១៥០០ដុល្លារ។ 

៥.ចំណាយដើមទុនខ្ពស់៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Business Insider បានឱ្យដឹងថា តាមស្ថិតិរបស់អាមេរិចជាមធ្យមហាង McDonald’s នីមួយៗរកបាន ២.៦លានដុល្លាក្នុងមួយឆ្នាំ។ ហើយដើម្បីបើកហាង McDonald’s មួយបានក្រុមហ៊ុនតម្រូវឱ្យមានយ៉ាងតិចក៏៥០ម៉ឺនដុល្លារដែរ។ ចំណែកឯតម្លៃនៃការសាងសង់ហាងវិញ ជាទូទៅត្រូវចំណាយចន្លោះពី ១ ទៅ ២.២ លានដុល្លា ផ្អែកតាមទីតាំង ,ទំហំហាង, ការរៀបចំដេគ័រ និងចំនួនឧបករណ៍ប្រើប្រាស់ផ្សេងៗ។ 

ជាមួយគ្នានេះដែរ ក្រោយពីគណនាដឹងពីតម្លៃដែលត្រូវចំណាយក្នុងការបើកសាខាមួយហើយ គេត្រូវបង់ឱ្យ McDonald’s ៤០%មុន ហើយលុយនោះត្រូវតែជាលុយផ្ទាល់ខ្លួនមិនខ្ចីបុលពីធនាគារ។ ចំណែកឯលុយ ៦០%ដែលនៅសល់ គឺអាចបង់ផ្ដាច់ក៏បាន ឬអាចមានសិទ្ធបង់រំលោះជាមួយខាងក្រុមហ៊ុនរយៈពេល៧ឆ្នាំបាន។ លើសពីនេះទៀត អ្នកទិញហ្វ្រេនឆាយ McDonald’s ក៏ត្រូវបង់ថ្លៃម៉ាកយីហោ (Franchise Fee) ៤% នៃប្រាក់ចំណេញក្នុងមួយខែផងដែរ។ សរុបមកដោយសារតែ ការចំណាយលើការនាំចូលយីហោនេះចូលមកកម្ពុជាក៏មិនធម្មតា បូករួមនឹងកត្តាទាំង៤ខាងលើផងនោះ វាអាចជាមូលដែលបណ្ដាលឱ្យអ្នករកស៊ីអាចស្ទាក់ស្ទើរក្នុងការនាំចូលយីហោមួយនេះចូលមកកម្ពុជា៕


ប្រភព: Business Cambodia

上一篇:7 Ways to Market Your Business Economically 下一篇:品牌商如何规划合伙人模式