ដូចពាក្យគេថា ថ្ងៃលិចគង់តែរះជាថ្មី ហើយបើថ្ងៃនេះបរាជ័យគង់មានឱកាសថ្មីនៅថ្ងៃស្អែកទៀត។ ដូច្នេះបើទោះបីជាថ្ងៃនេះអ្នកបរាជ័យ ឬជីវិតធ្លាក់ដល់ចំណុចណាក៏ដោយ សូមកុំអស់សង្ឃឹម និងកុំលះបង់ការប្រឹងប្រែងឱ្យសោះ។ ដរាបណាអ្នកនៅតែតស៊ូមិនចុះចាញ់ នោះអ្នកនឹងជោគជ័យនៅថ្ងៃណាមួយជាក់ជាពុំខាន។ ជាក់ស្ដែង បើយើងក្រឡេកទៅមើលមហាសេដ្ឋីលំដាប់លេខ១ ទាំងពីររូប នៃប្រទេសចិន និងប្រទេសសិង្ហបុរីវិញ ជីវិតរបស់ពួកគាត់ធ្លាប់ដុនដាបខ្លាំងដោយពួកគាត់ធ្លាប់ធ្វើជាកម្មករសំណង់ហាលក្ដៅហាលភ្លៀង ដើម្បីប្ដូរយកលុយបន្ដិចបន្ដួចយកមកចិញ្ចឹមក្រពះ។ យ៉ាងណាមិញ ដោយសារតែមានការតាំងចិត្តខ្ពស់និងការខិតខំប្រឹងប្រែងដោយអំណត់ ធ្វើឱ្យពួកគាត់អាចរលាស់ខ្លួនចេញពីភាពក្រីក្រ រហូតក្លាយជាសេដ្ឋីល្បីឈ្មោះ មានមុខមាត់ក្នុងសង្គម។

១. សេដ្ឋីលេខ១ សិង្ហបុរី លោក Zhang Yong ៖ លោកមានសញ្ជាតិសិង្ហបុរីកាត់ចិន ដោយលោកបានកើតនៅក្នុងឆ្នាំ ១៩៦៩។ទម្រាំតែក្លាយទៅមហាសេដ្ឋីលេខ១ មានទ្រព្យរាប់លានដុល្លារដូចសព្វថ្ងៃនេះ ជីវិតលោកបានឆ្លងកាត់ភាពក្រីក្រតោកយ៉ាង និងធ្លាប់បានដើរធ្វើការស៊ីឈ្នួលគេ ហើយក៏ធ្លាប់ធ្វើជាកម្មករសំណង់និងរោងចក្រផងដែរ។ នេះបើងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ប្រភពដដែលបានឱ្យដឹងទៀតថា ចំណុចដែលធ្វើឱ្យជីវិតរបស់លោក Zhang Yongផ្លាស់ប្ដូរ ១៨០ដឺក្រេ ពីកម្មករគេ រហូតក្លាយជាសេដ្ឋីនោះ គឺលោកនឹងភរិយារបស់លោកបានសម្រេចចិត្តបោះបង់ការងារជាកម្មកររោងចក្រចោល ហើយងាកមកចាប់ផ្ដើមបើករបររកស៊ីដោយខ្លួនឯងវិញ។ ហើយនៅក្នុងឆ្នាំ១៩៩៤ លោកបានសម្រេចចិត្តបើកកូនតូបលក់អាហារតូចមួយ ដែលមានត្រឹម ៤តុ តែប៉ុណ្ណោះ។ 

ដោយសារតែ ម្ហូបអាហាររបស់លោក Yong មានរស់ជាតិឆ្ងាញ់ រួមផ្សំនិងការផ្ដល់សេវាកម្មល្អផងនោះ ជាហេតុធ្វើឱ្យ មានអតិថិជនទៅញ៉ាំជាបន្ដបន្ទាប់។ ហើយត្រឹមរយៈពេលតែជាង ៤ឆ្នាំ លោក Yong បានវិវត្តន៍ពីតូបតូចដ៏តូចមានត្រឹមតែ៤តុ ក្លាយទៅជាភោជនីយដ្ឋានដ៏ធំមួយប្រចាំតំបន់។ នៅក្នុងឆ្នាំ២០១៣ អាជីវកម្មមួយនេះអាចមានលទ្ធភាពឈានទៅមុខមួយកម្រិតទៀត ដោយលោក Yong បើកសាខាដំបូងរបស់ខ្លួនទៅបើកសហរដ្ឋអាមេរិកក្នុងរដ្ឋ Los Angeles។ បើគិតមកទល់នឹងពេលនេះ លោក Yong បានវិវត្តន៍ខ្លួនពីតូបដ៏តូចមួយដែលមានត្រឹមតែ៤តុ ពង្រីកសក្ដានុពលភោជនីយដ្ឋានរបស់ខ្លួនបន្ថែន ៤៦៦ សាខានៅជុំពិភពលោក។ ហើយភោជនីយដ្ឋានរបស់លោក Yong មានទីតាំងច្រើនជាងគេ គឺនៅប្រទេសចិន តែក្រៅពីនោះក៏មានសាខានៅ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុននិង ប្រទេស សិង្ហបុរីផងដែរ។

គួរបញ្ជាក់ងផងដែរថា បច្ចុប្បន្ននេះ លោក Zhang Yong មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរហូតដល់ទៅជាង ២៧.៤ ពាន់លានដុល្លារ ដែលធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីដែលមានជាងគេបំផុតប្រចាំប្រទេសសិង្ហបុរី។

២. មហាសេដ្ឋីលេខ១ ចិន Zhong Shanshan៖ សម្រាប់អ្នកមិនទាន់ស្គាល់គាត់ Zhong Shanshan បច្ចុប្បន្ននេះ លោកគឺជាម្ចាស់ក្រុមហ៊ុន Nongfu Spring ដែលរកស៊ីធំលើជំនួញផលិតទឹកសុទ្ធចែកចាយទូទាំងប្រទេសចិន ពោលគឺស្ទើរតែគ្រប់ផ្សារទំនើប ម៉ាត និងតូបលក់ចាប់ហួយទាំងអស់នៅក្នុងស្រុកចិន សុទ្ធតែមានលក់ទឹកសុទ្ធ Nongfu Spring ទាំងអស់។ ហើយកាលពីពេលថ្មីៗនេះ លោកបានឡើងជាមហាសេដ្ឋីលេខ១ នៅក្នុងប្រទេសចិន និងជាប់ជាមហាសេដ្ឋីលេខ៦ នៅលើពិភពលោក។ ដោយបច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរហូតដល់ទៅ ៩៤.៦ ពាន់លានដុល្លារឯណោះ។

ដោយឡែក បើយើងក្រឡេងទៅមើលប្រវត្តិរបស់លោក Zhong Shanshan វិញម្ដង គាត់មិនមែនជាអ្នកមានដោយសារកេរ្ត៍ម៉ែឪនោះទេ ដោយកើតក្នុងត្រកូលអ្នកក្រក្សត់មកពីភាគខាងជើងនៃក្រុងហាងចូវ ហើយដោយសារតែបដិវត្តវប្បធម៌ចិន គាត់មិនបានចូលសាលារៀនត្រឹមត្រូវ ហើយថែមទាំងបោះបង់រត់ចោលសាលាតាំងតែពីនៅក្មេងៗម្លេះ។ ប៉ុន្ដែបើទោះបីជាលោករត់ចោលសាលាក៏ពិតមែនតែ Zhong Shanshan ព្យាយាមរៀនសូត្រសព្វគ្រប់ពីសង្គម និងការងារ ដោយចាប់ផ្ដើមដំបូងជាកម្មករសំណង់រៀបឥដ្ឋស៊ីប្រាក់ថ្ងៃ ក្រោយមកទៀតលួចរៀនអក្សរ និងលេខនុពន្ធខ្លះៗ លុះឆ្នាំ ១៩៧៧ ក៏មានឱកាសចូលរៀនមហាវិទ្យាល័យលើផ្នែកផ្សព្វផ្សាយ។ ដោយរៀនបណ្ដើរធ្វើការបណ្ដើរលោកធ្វើការនៅស្ថាប័នសារពត៌មានមួយនៅស្រុកចិន ធ្វើឱ្យលោកដឹងរឿងច្រើន ក៏ដូចជាយល់ពីឱកាសជំនួញខ្លាំង លុះចប់សាកលវិទ្យាល័យលោកក៏ហក់ចូលប្រឡូកជាអ្នកលក់ឱ្យក្រុមហ៊ុន ភេសជ្ជៈ និង សម្ភារៈពេទ្យ។

ភាពប្រឹងប្រែង ឱកាស បទពិសោធន៍ បានជម្រុញឱ្យលោក Zhong Shanshan សម្រេចចិត្តបើកក្រុមហ៊ុនទឹកសុទ្ធរបស់គាត់នៅឆ្នាំ ១៩៩៦។ មកទល់ពេលនេះក្រុមហ៊ុនរបស់គាត់បានបង្កើតឱកាសការងាររាប់ភ្លេច ដោយហេតុថាក្នុងដំណើរការនៃការចែកចាយទឹកសុទ្ធ គាត់បានប្រើក្រុមហ៊ុនជាដៃគូរប្រមាណ ៤៥០០ ទៀតឱ្យទទួលបន្ទុកចែកចាយជំនួស។ ហើយសព្វថ្ងៃនេះ ក្រៅតែពីលក់ទឹកសុទ្ធគាត់រកស៊ីលើវិស័យភេសជ្ជៈ ថ្នាំពេទ្យ និងសម្ភារៈបរិក្ខារសំខាន់ដែលជាហេតុធ្វើឱ្យទ្រព្យគាត់ចេះតែបន្តកើនសន្ធឹក។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Nongfu Spring របស់លោក Zhong Shanshan គឺជាក្រុមហ៊ុនផលិតចែកចាយទឹកសុទ្ធដែលធំជាងគេបំផុតនៅក្នុងប្រទេសចិន។ ដោយក្រុមហ៊ុនមួយនេះ បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ និងបានឡើងផ្សារហ៊ុន IPO កាលពីខែ កញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ ពោលគឺបានបើកជាង ២៦ ឆ្នាំ ទម្រាំតែអាចឡើង IPO បាន។ បន្ថែមពីនេះទៀត បច្ចុប្បន្ននេះ ក្រុមហ៊ុន Nongfu Springកំពុងតែផ្ដោតអារម្មណ៍ទៅលើរឿង២ធំៗ គឺទី១ផលិតទឹកសុទ្ធចែកចាយទូទាំងប្រទេសចិន និងទី២ ផលិតវ៉ាក់សាំងកូវីដ១៩ ដែលផលិតផលពីរនេះកំពុងតែមានតម្រូវការខ្ពស់ទាំងនៅក្នុងស្រុកចិននិងសម្រាប់ផ្គត់ផ្គង់ទៅក្រៅប្រទេស។


ប្រភព: Business Cambodia

上一篇:Starbucks’ Visual Branding And The Correlation To Their Brand Success 下一篇:比终日学习更重要的,是商业思维