គ្រប់គ្នាបានដឹងរួចមកហើយថា បញ្ហាជំងឺកូវីដ១៩ បានធ្វើឱ្យមានផលប៉ះពាល់ជាច្រើនទៅដល់ការរកស៊ី និងបានបង្ករឱ្យមានផលប៉ះពាល់ទៅដល់អ្នកធ្វើការថែមទៀតផង។ក្នុងនោះវាបានធ្វើឱ្យអត្រានៃការបាត់បង់ការងារក៏បន្តមានការកើនឡើងជាលំដាប់ រហូតធ្វើឱ្យអ្នកខ្លះត្រូវសម្ងំនៅក្នុងផ្ទះជាមួយនឹងភាពសោកសៅនៃការបាត់បង់ការងារ និងមានខ្លះទៀតព្យាយាមស្វែងរកគ្រប់មធ្យោបាយដើម្បីបង្កើតផ្លូវថ្មីសម្រាប់រកចំណូលបន្ថែមផងដែរ។

ជាក់ស្តែងលោក Ben Gulliver ជាអតីតជាងកាត់សក់ម្នាក់ ដែលរស់នៅឯប្រទេសអង់គ្លេស លោកក៏ជាមនុស្សម្នាក់ដែរស្ថិតក្នុងចំណោមអ្នកដែលបានបាត់បង់ការងារធ្វើរាប់លាននាក់នៅក្នុងពិភពលោកផងដែរ។ដោយសារតែរដ្ឋាភិបាលបានព្យាយាមរឹតបណ្តឹងការចេញក្រៅផ្តេសផ្តាសជាហេតុធ្វើឱ្យភ្ញៀវដែលធ្លាប់មកកាត់សក់ហាងលោកក៏លែងមានតទៅទៀត។ជាក់ស្តែង នៅដើមខែមីនា ២០២០ Ben Gulliver ក៏បានចាប់ផ្តើមផ្លូវរកស៊ីថ្មីដោយការលក់ទំនិញនៅលើអនឡាញ។


បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា នៅអំឡុងពេលសម្រាកពីការងារចាស់នោះ Ben Gulliver ឆ្លៀតពេលនៅផ្ទះទំនេរ គាត់បានស្វែងរកនៅលើ YouTube អំពីអ្វីដែលគ្រប់គ្នាត្រូវការប្រើប្រាស់នៅពេលមានការផ្ទុះជំងឺនេះ ពេលនោះ Ben Gulliver បានផ្តោតទៅលើរបស់ប្រើប្រាស់មួយចំនួនដូចជា ទឹកសម្អាតធ្មេញ ប៉ាន់តែ និងឧបករណ៍ហាត់ប្រាណមួយចំនួនទៀត។ដោយគាត់បាននិយាយថា “គាត់ព្យាយាមស្វែងរកអ្វីដែលគ្រប់គ្នាត្រូវការយកមកលក់”។

ប្រភពដដែលបានបន្តថា ដូចអ្វីដែល Ben បានរំពឹងទុក គឺផលិតផលដែលគាត់បានយកមកលក់គឺមានការកម្មង់ទិញយ៉ាងច្រើន រហូតដល់ខែខ្លះ Ben អាចលក់បានប្រាក់ជាង ២ សែនផោន ដែលប្រហែលនឹង ២៧៣,៨២៨ ដុល្លារអាមេរិក ហើយមានខែខ្លះក៏រកបានជាង ១ សែនផោន ដែលប្រហែលនឹង ១៣៦,៩១៤ដុល្លារ ក្នុងរយៈពេលតែ ១០ ថ្ងៃក៏មានដែរ។ Ben បានបន្ថែមទៀតថា “ខ្ញុំបានធ្វើការចែកចាយផលិតផលតាមរយៈផ្សារអនឡាញ Amazon ហើយថែមបានលក់ទំនិញទាំងនោះទៅកាន់ពិភពលោកថែមទៀតផង ពោលគឺចាប់ពីអាមេរិក អាហ្វ្រិក រហូតដល់អាស៊ី។ហើយបើគិតមកដល់បច្ចុប្បន្ននេះ ខ្ញុំរកបានជាង ១ លានដុល្លារអាមេរិកពីការលក់ទំនិញទាំងអស់នោះ ហើយនេះគឺជាប្រាក់ចំណូល មិនមែនប្រាក់ចំណេញនោះទេ ប៉ុន្តែខ្ញុំមានការភ្ញាក់ផ្អើលនឹងជោគជ័យនេះ”។

អ្នកជំនួញវ័យក្មេងខាងលើបានរៀបរាប់បន្ថែមទៀតថា ភាពជាសហគ្រិនរបស់លោកមានតាំងតែពីលោកនៅក្មេងម៉្លេះ ដូច្នេះហើយវាមិនជាបញ្ហាអ្វីលំបាកទេសម្រាប់ការចាប់ផ្តើមលើកនេះ។លោកបានលើកឡើងទៀតថា អ្វីដែលលោកផ្តោតបំផុតទៅលើការរកស៊ីគឺ គុណភាពផលិតផល បើគុណភាពផលិតផលខ្ពស់អតិថិជននឹងត្រឡប់មកទិញម្តងហើយម្តងទៀត នោះផ្លូវរកស៊ីរបស់យើងក៏នឹងកាន់តែមានភាពរឹងមាំទៅមុខផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់អត្ថបទខាងលើនេះ គឺជាមេរៀនមួយសម្រាប់មិត្តអ្នកអានទាំងអស់គ្នា ពិសេសនៅអំឡុងពេលមានបញ្ហាកូវីដ១៩ បែបនេះ គឺអ្នកទាំងអស់គ្នា អាចសាកល្បងស្វែងរកអ្វីដែលថ្មីមួយបានសម្រាប់រកចំណូលបន្ថែម ហើយតាមរយៈអត្ថបទនេះ បានបង្ហាញឱ្យគ្រប់គ្នាបានឃើញថា ទោះបីជាបញ្ហាអ្វីកើតឡើង ក៏នៅតែអាចមានផ្លូវដោះស្រាយបានជានិច្ច អ្វីដែលសំខាន់គឺអ្នកត្រូវមានកម្លាំងចិត្តនៅក្នុងសាកល្បងធ្វើវា៕


ប្រភព: Business Cambodia 

上一篇:What do You Need To Know About Trading Platforms? 下一篇:创业公司的管理之道