ដំណាក់កាលនេះ ការរកចំណូលមិនមែនជារឿងងាយស្រួលដូចមុនឡើយ ព្រោះតែការរីករាលដាលនៃជំងឺកាចសាហាវកូវីដ១៩ បានប្រហារការងារនិងមុខរបររបស់មនុស្សជាច្រើននៅជុំវិញពិភពលោក តែអំឡុងពេលមានវិបត្តិនេះ ក៏មានលាភនៅក្នុងនោះដូចគ្នាដែរ។ព្រោះក្រោយពេលមានបញ្ហាកូវីដ១៩ កើតមានមនុស្សមួយចំនួនក៏បានប្តូរបរិបថជីវិតថ្មី មិនថាតែការរស់នៅឬរបៀបធ្វើការងាររកស៊ីផ្សេងៗ ហើយក៏មានអ្នកខ្លះអាចរកចំណូលបានរាប់ម៉ឺន រាប់លានពីបញ្ហាមួយនេះថែមទៀតផង។

ជាក់ស្តែង Max Hayden  អាចរកចំណូលបានដល់ទៅជិត ២លានដុល្លារ តាមរយៈការខ្ចីដៃក្រុមហ៊ុនធំៗលក់ទំនិញអនឡាញ។យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Entrepreneur Mindset បានឱ្យដឹងថា Max Hayden បានចាប់ផ្តើមអាជីវកម្មលក់អនឡាញនៅលើគេហទំព័រធំៗដូចជា Amazon ,Ebay នៅពាក់កណ្តាលឆ្នាំ ២០២០ ពោលគឺអំឡុងពេលមានរោគរាតត្បាតកូវីដ១៩។


ហើយក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ការលក់ទំនិញរបស់ Hayden អាចហក់ឡើងខ្លាំងសឹងតែដឹកឱ្យភ្ញៀវមិនទាន់ គ្រាន់តែលក់របស់លេង និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ ជាមួយនិងឧបករណ៍ហាត់ប្រាណ អាចធ្វើឱ្យ Hayden រកប្រាក់បានដល់ទៅ ១,៧ លានដុល្លារ ក្រោយទូទាត់ការចំណាយថ្លៃដើមរួចរាល់ Hayden បង្ហើបថាខ្លួនរកប្រាក់ចំណេញបានដល់ ១១ម៉ឺនដុល្លារ នៅពេលចេញលក់ដំបូងក្នុងឆ្នាំ ២០២០។

ប្រភពដដែលបានបន្តថា គំនិតអាជីវកម្មរបស់ ក្មេងប្រុសវ័យ១៦ឆ្នាំរូបនេះ ត្រូវបានចូលរួមគាំទ្រ និងបំផុសឡើងដោយមិត្តភក្តិវិទ្យាល័យរបស់គេ គួបផ្សំជាមួយនឹងដុងពីក្មេងបានជម្រុញឱ្យ Den សម្រេចចំណាយលុយប្រមាណជា ៣០០ដុល្លារ បោះទុនរកស៊ីក្នុងវិស័យអនឡាញនេះតែម្តង។នៅពីក្រោយភាពជោគជ័យរបស់ Max Hayden ត្រូវបានគេដឹងថា គាត់ជាក្មេងឆ្លាតនិងពូកែក្នុងរបៀបធ្វើជំនួញនេះតាំងពីគាត់នៅអាយុ៥ឆ្នាំមកម្ល៉េះ ព្រោះគេធ្លាប់ទិញស្ករគ្រាប់ហើយលក់វាទៅឱ្យមិត្តភក្តិគេដែលរៀនជាមួយគ្នាជាមួយតម្លៃសមរម្យដែលគេអាចទទួលប្រាក់ចំណេញបាន។

អាចនិយាយបានថា ព្រោះតែមានដុងបែបនេះហើយ ទើបការបោះជំហានប្រឡូកក្នុងវិស័យរកស៊ីលើកនេះធ្វើឱ្យក្មេងប្រុសជនជាតិអាមេរិករូបនេះ ហាក់មានភាពជំនាញ និងអាចគ្រប់គ្រងរាល់សកម្មភាពអាជីវកម្មបានមិនចាញ់អ្នកជំនួញចាស់ៗប៉ុន្មានឡើយ។បន្ថែមពីនោះ Hayden ក៏មានគម្រោងបង្កើតទីតាំងលក់រាយមួយនៅពេលខាងមុខថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែស្ថានភាពពេលនេះវាពិបាកក្នុងការរកចំណូលក៏ពិតមែន ប៉ុន្តែក្មេងប្រុសរូបនេះអាចបង្ហាញយើងឱ្យឃើញថា បើយើងព្យាយាមស្វះស្វែងរកដំណោះស្រាយ មិនអង្គុយកើតទុក្ខព្រោះបាត់បង់ការងារ ឬអ្វីមួយនោះ យើងប្រាកដជាអាចរកឃើញផ្លូវមួយថ្មីនិងឱកាសថ្មីសម្រាប់ខ្លួនឯងជាក់ជាមិនខានឡើយ៕


ប្រភព: Business Cambodia

上一篇:7 Benefits of Cloud Computing for Remote Working 下一篇:做营销不懂这三点,学再多知识也白搭