ការដែលចេញរកស៊ីវាមិនប្រាកដថាមានលុយតិចមិនអាចចេញរកស៊ីបាននោះទេអ្វីដែលសំខាន់គឺអាស្រ័យលើគំនិតរបស់អ្នកថាតើអ្នកអាចច្នៃវាឲ្យក្លាយទៅជាលុយដែលអាចរកចំណូលបន្ថែមបានដោយរបៀបណា ម្យ៉ាងទៀតការរកស៊ីវាក៏ពឹងផ្អែកលើសមត្ថភាពនៃការគិតផងដែរថា តើអ្នកអាចប្រើលុយដ៏តិចតួចនេះទៅរកស៊ីអ្វី បង្កើតអាជីវកម្មអ្វីទើបសាកសម។ហើយបច្ចុប្បន្នរបស់ដែលមានការពេញនិយមបំផុតសម្រាប់លុយដ៏តិចតួចនេះគឺការលក់ទំនិញតាមអនឡាញតែម្តង។ ជាក់ស្តែង សហស្ថាបនិកវ័យក្មេង២រូបបានសហការគ្នារកស៊ីដោយប្រើលុយត្រឹមតែ១០០ដុល្លារដើម្បីទិញរបស់របរសាមញ្ញៗធម្មតាៗមកលក់តាមអនឡាញ តែអាចរកចំណូលបានដល់ទៅរាប់លានដុល្លារឯណោះ។

យោងតាមការចុះផ្សាយរបស់ Entrepreneur បានឲ្យដឹងថា Griffin Thall និង Paul បានគឺជាសហស្ថាបនិករបស់អាជីវកម្មខ្សែដៃ Pura Vida Bracelets ។ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកព័ត៌មានពួកគេបាននិយាយថា អាជីវកម្មនេះបានចាប់ផ្តើមនៅពេលដែលពួកគេទាំងពីរបានធ្វើដំណើរកម្សាន្តជាមួយគ្នានៅលើឆ្នេរខ្សាច់ Costa ហើយនៅក្នុងដំណើរកម្សាន្តនោះពួកគេបានជួបជាមួយសិប្បករនិងអ្នកលក់ខ្សែដៃ វត្ថុអនុស្សាវរីយ៍ជាច្រើននៅទីនោះ បន្ទាប់ពីបានឃើញវត្ថុទាំងនោះពួកគេបាននឹកឃើញថាប្រសិនបើពួកគេយកវត្ថុទាំងនោះទៅលក់បន្តប្រហែលជាអាចមានទីផ្សារច្រើន ព្រោះថាយុវវ័យភាគច្រើនចូលចិត្តវត្ថុទាំងនោះ។

សហស្ថាបនិកវ័យក្មេងទាំង២បានបន្តថា ក្រោយពីមានការចាប់អារម្មណ៍ទៅលើវត្ថុទាំងនោះរួចមកពួកគេទាំងពីរបានពិភាក្សាគ្នាយកលុយមួយចំនួនទិញវាដើម្បីយកទៅលក់ឲ្យមិត្តភក្តិរបស់ពួកគេ និងដាក់លក់នៅលើអនឡាញសាកមើលក្រែងមានអ្នកចាប់អារម្មណ៍របស់ទាំងនោះ។ដោយសារតែគំនិតដូចគ្នានេះបានជម្រុញឲ្យ Thall និង Paul បានយកលុយចំនួន ១០០ដុល្លារ ដើម្បីទិញរបស់របរទាំងនោះមកលក់ ដែលការលក់ដំបូងគឺការចែកចាយទៅកាន់មិត្តរបស់ពួកគេ បន្ទាប់មកទើបពួកគេធ្វើការដាក់លក់នៅលើវេបផ្សាយជាបន្តទៀត។

ពួកគេបានបន្ថែមថា បើទោះជាអាជីវកម្មនេះចាប់ផ្តើមត្រឹមតែលុយ១០០ដុល្លារពិតមែនតែ ពួកគេបានព្យាយាមរកមធ្យោបាយជាច្រើនដើម្បីធ្វើឲ្យលុយដ៏តិចតួចនេះអាចក្លាយជាលុយរាប់លានដុល្លារបាន ដោយសារក្តីស្រមៃខ្ពស់នេះបានធ្វើឲ្យពួកគេប្រឹងប្រែងធ្វើយ៉ាងណាឲ្យអាជីវកម្មអាចដើរទៅមុខបានលឿន ហើយអាចផ្តល់មកវិញនូវអ្វីដែលពួកគេចង់បាន។ ហើយទីបំផុតអាជីវកម្មដែលបានបើករកស៊ីជាមួយសិប្បកម្មខ្សែដៃអនុស្សាវនីយ៍ Pura Vida បានក្លាយជាអាជីវកម្មមួយដែលអាចរកចំណូលបានជាង ១០០លានដុល្លារអាមេរិក នាពេលបច្ចុប្បន្ននេះ៕


ប្រភព: Business Cambodia 

 

上一篇:How to Make Your New Business Discoverable Online 下一篇:好的产品,得一手抓模式,一手抓数据