ភាពជោគជ័យក្នុងការធ្វើអាជីវកម្ម គឺវាមានកត្តារួមផ្សំជាច្រើន ហើយក្នុងនោះ ផលិតផល ក៏ជាធាតុផ្សំដែលសំខាន់បំផុតមួយផងដែរ ដែលវាកំណត់វាសនាថា អាជីវកម្មរបស់អ្នកនឹងដើរទៅមុខ ឬដើរថយក្រោយ។

ជុំវិញបញ្ហានេះផងដែរ បើតាមមហាសេដ្ឋីលេខ២ ពិភពលោក លោក Elon Musk ក៏បានណែនាំឱ្យ សហគ្រិន និង CEO ទាំងអស់យកចិត្តទុកដាក់ឱ្យមែនទែនទៅលើការខំប្រឹងអភិវឌ្ឍន៍ផលិតផល ឬសេវាកម្មរបស់ខ្លួនឱ្យបានល្អ និងអស្ចារ្យបំផុត តាមតែអាចធ្វើទៅបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC


សេដ្ឋីលេខ២ពិភពលោករូបនេះ បានបន្ថែមថា សហហគ្រិន និង CEO ទាំងអស់ គួរចំណាយពេលតិចតួចបានហើយទៅលើការប្រជុំ, ការធ្វើបទបង្ហាញ, ការមើលសៀវភៅបញ្ជី។ល។ ប៉ុន្ដែគួរតែចំណាយពេលឱ្យបានច្រើនបំផុត នៅកន្លែងរោងចក្រផលិតផ្ទាល់ និងជាមួយអតិថិជន ស្ដាប់មតិយោបល់របស់របស់អតិថិជន ទាំងមតិល្អ មិនល្អ និងការរិះគន់របស់អ្នកដែលមិនមែនជាអតិថិជន ហើយយកមតិយោបល់ទាំងនោះមកប្រើឱ្យមានប្រយោជន៍តាមរយៈការយកទៅកែប្រែលើផលិតផលរបស់អ្នក ឱ្យក្លាយជាផលិតផលដែលល្អបំផុតដែលអតិថិជនខ្វះមិនបាន។ 

លោក Elon Muskបានបន្ថែមទៀតថា យើងគួរតែឧស្សាហ៍ដកឃ្លាសួរខ្លួនឯងថា «តើផលិតផលរបស់យើងមានភាពល្អអស្ចារ្យគ្រប់គ្រាន់ហើយឬនៅ? ប្រសិនបើចម្លើយនៅ តែអ្វីដែលអ្នកត្រូវធ្វើដើម្បីឱ្យផលិតផលរបស់អ្នកកាន់តែល្អប្រសើរជាងមុន?» បើផលិតផលរបស់យើងមិនល្អ មិនមានចំណុចពិសេសជាងគេទេ អតិថិជននឹងមិនមកទិញផលិតផលរបស់យើងទេ គេនឹងទៅទិញផលិតផលរបស់ក្រុមហ៊ុនផ្សេងដែលពិសេសជាងយើង។ ហេតុនេះការត្រូវតាំងចិត្តអភិវឌ្ឍន៍ផលិតផលរបស់អ្នកឱ្យល្អដាច់គេ បើចង់មុជជ្រៅទៅឆ្ងាយក្នុងទីផ្សារដែលពោពេញទៅដោយការប្រគួតប្រជែងនេះ។ 

ឧទាហរណ៍ជាក់ស្ដែង បើយើងក្រឡេកទៅមើលរាល់ផលិតផលក្រុមហ៊ុនរបស់ លោក Elon Musk ទាំងអស់មិនថាតែឡាន សូឡា អ៊ីនធ័រណិត និងរបស់ប្រើប្រាស់ផ្សេងៗជាដើមនោះ គឺសុទ្ធតែទទួលបានការទុកចិត្ត និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ហើយផលិតផលខ្លះ លោកសឹងតែមិនបាច់ចំណាយលុយធ្វើការផ្សព្វផ្សាយមួយរៀលផង គ្រាន់តែបង្ហើបចំណុចពិសេសរបស់ផលិតផលមកភ្លាម ក៏ផ្ទុះផ្អើលពេញទីផ្សារបាត់ទៅហើយ។ ដូច្នេះការយកចិត្តទុកដាក់អភិវឌ្ឍន៍ផលិតផលឱ្យពិសេស និងអស្ចារ្យជាងគេក្នុងទីផ្សារ គឺវាគោលការណ៍រកស៊ី ដែលអាចនាំយីហោក្រុមហ៊ុនរបស់នាំទៅចំណុចខ្ពស់បំផុត៕


ប្រភព: Business Cambodia 

上一篇:Self Employment & Wellbeing – 5 Tips to Stay On Top of Stress 下一篇:如何确定一款新产品的定位与方向?