ក្រុមហ៊ុន Pfizer ត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនតួរឯករួមចំណែកសង្រ្គោះពិភពលោកចេញពីវិបត្តិ ក្រោយក្រុមហ៊ុនមួយនេះ អាចផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ និងបានក្លាយជាវ៉ាក់សាំងដំបូងគេបំផុត ដែលទទួលស្គាល់ដោយ FDA អាមេរិក ជាពិសេសគឺត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឱ្យប្រើប្រាស់បន្ទាន់ដំបូងបំផុតផងដែរ។

ទន្ទឹមនឹងនេះ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺក្រុមហ៊ុន Pfizer អាចសម្រេចបាននូវកិច្ចការដែលមើលទៅទំនងជាមិនអាចទៅរួច ពោលគឺក្រុមហ៊ុនមួយនេះ អាចផលិតវ៉ាក់សាំងកូវីដ១៩ ជាមួយនឹងបច្ចេកវិទ្យាថ្មី mRNA ដោយប្រើពេលតែ៨ខែតែប៉ុណ្ណោះ ខណៈជាធម្មតាការផលិតវ៉ាក់សាំងមួយត្រូវចំណាយពេលយូរ អាចហក់ដល់ទៅ ៥ ឬ១០ឆ្នាំឯណោះ។ ក្រោយពីតស៊ូដាច់បាយដាច់ទឹក អស់ពេលជាង៨ខែ ឥឡូវនេះ  Pfizer បានក្លាយជាវីរបុរសសង្គ្រោះពិភពលោក និងអាចទទួលបានចំណូលរាប់ពាន់លានដុល្លារត្រឡប់មកវិញផងដែរ។


ជាមួយគ្នានេះដែរ យោងតាមការចុះផ្សាយរបស់គេហទំព័រ Harvard Business Review លោក Bryan Derballa ដែលជា CEO នៃក្រុមហ៊ុន Pfizer ក៏បានធ្វើការបង្ហើបនៅរឿងពីក្រោយឆាកទាំង៣ ដែលធ្វើឱ្យក្រុមហ៊ុន Pfizer អាចផលិតវ៉ាក់សាំង១៩ កូវីដ១៩ បានយ៉ាងជោគជ័យ។ ដោយរឿងក្រោយឆាកទាំង ៣នោះរួមមាន៖

១.ក្រុមការងារ៖ បើតាម CEO ក្រុមហ៊ុន Pfizer លោក Bryan Derballa បានឱ្យដឹងថា រឿងសំខាន់ទីមួយ ដែលធ្វើឱ្យគម្រោងផលិតវ៉ាក់សាំងនេះជោគជ័យ គឺដោយសារតែការបេជ្ញាចិត្ត និងការចូលរួមយ៉ាងពេញទំហឹង ទាំងកម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញាពីក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ លះបង់ទៅលើគម្រោងមួយនេះ។ លោក Bryan និយាយថា អំឡុងពេល ៨ខែនៃការស្រាវជ្រាវលើគម្រោងវ៉ាក់សាំងកូវីដ១៩នេះ ក្រុមការងារពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងនិងលះបង់ណាស់ ពោលគឺ៨ខែនេះ គ្រប់គ្នាគ្មានថ្ងៃសម្រាកសោរ៍ អាទិត្យ គ្មានពេលជួបជុំមិត្តភក្ដិ បងប្អូន គ្រួសារទេ។ ជារួម ក្រុមការងារគឺសំខាន់ខ្លាំងណាស់ ចង់ធ្វើកិច្ចការដ៏អស្ចារ្យមួយឱ្យជោគជ័យ ត្រូវមានក្រុមការងារខ្លាំងមួយក្រុមសិន។

២.ផ្ដោតធ្វើគោលដៅឱ្យសម្រេច លុយនឹងធ្លាក់មកដូចទឹកបាក់ទំនប់៖ រឿងសំខាន់ទី២ ដែលធ្វើឱ្យក្រុមហ៊ុន Pfizer អាចបំបែកកំណត់ត្រាផលិតវ៉ាក់សាំងកូវីដ១៩ ត្រឹមពេល៨ខែ គឺដោយសារតែ Pfizer ផ្ដោតលើគោលដៅជាធំ ពោលគឺអ្វីដែលនៅក្នុងខួរក្បាលរបស់ពួកគេគឺ ធ្វើដើម្បីជួយសង្រ្គោះជីវិតមនុស្ស ជួយរំដោះពិភពលោកចេញពីវិបត្តិដែលបណ្ដាលមកពីកូវីដ១៩។ នៅទីបំផុត ដោយក្រោយពីផលិតវ៉ាក់សាំងបានជោគជ័យ ក្រុមហ៊ុន Pfizer អាចរកចំណូលបានវិញរាប់ពាន់លានដុល្លារឯណោះ។ មេរៀនសំខាន់បំផុតគឺ ផ្ដោតធ្វើគោលដៅឱ្យបានសម្រេចសិន បន្ទាប់មកលុយនឹងធ្លាក់មកដល់ដៃអ្នកដូចទឹកបាក់ទំនប់។

៣.ដាក់គោលដៅឱ្យធំអស្ចារ្យ និងការឃើញគោលដៅរួម៖ រឿងទី៣ ដែលបញ្ឆេះទឹកចិត្តក្រុមការងាររបស់ក្រុមហ៊ុន Pfizer ឱ្យប្រឹងរហូតអាចបង្កើតសមិទ្ធផលដ៏អស្ចារ្យនេះ គឺកើតចេញពីការដាក់គោលដៅឱ្យធំ និងការធ្វើឱ្យក្រុមការងារមើលឃើញគោលដៅរួម។ លោក Bryan Derballa បានប្រាប់ក្រុមការងាររបស់លោកថា គម្រោងផលិតវ៉ាក់សាំងនេះកូវីដ១៩ នេះគឺជាគម្រោងដ៏ធំ ហើយវាក៏មិនស្រួលក្នុងការសម្រេចដែរ ប៉ុន្ដែបើក្រុមការងារយើងរួមចិត្តរួមគំនិត រួមកម្លាំង គម្រោងស្រាវជ្រាវផលិតវ៉ាក់សាំងនេះនឹងសម្រេច។

ការដាក់គោលដៅធំនិងអស្ចារ្យ បានធ្វើឱ្យក្រុមការងារ  Pfizer មានទឹកចិត្តប្រឹងកាន់តែខ្លាំង ដោយពួកគេសុទ្ធតែយល់ថា ពួកគេកំពុងតែរួមចំណែកធ្វើរឿងអស្ចារ្យ កំពុងតែខំដើម្បីហេតុផលដ៏មានតម្លៃមួយគឺសង្រ្គោះពិភពលោក។ ការយល់ពីតម្លៃនៃកិច្ចការដែលខ្លួនកំពុងធ្វើ និងការមើលឃើញគោលដៅរួមនេះ បានបង្កើតចេញជាការរួមកម្លាំងដ៏អស្ចារ្យនៃក្រុមការងារ Pfizer ហើយអាចផលតិវ៉ាក់សាំងបានយ៉ាងជោគជ័យនៅទីបំផុត។ «ដាក់គោលដៅឱ្យធំ បូករួមនឹងការឆ្លុះបញ្ជាំងធ្វើឱ្យក្រុមការងារឃើញពីតម្លៃនៃការងារដែលពួកគេកំពុងធ្វើ ក៏ដូចជាជម្រុញឱ្យពួកគេមានចិត្តគំនិតប្រឹងធ្វើការដើម្បីសម្រេចគោលដៅរួមគ្នា គឺជាកម្លាំងដ៏អស្ចារ្យដែលអាចធ្វើឱ្យយើងសម្រេចគ្រប់កិច្ចការទាំងអស់»។


ប្រភព: Business Cambodia

上一篇:5 Tips To Improve Cash Flow For Your Business 下一篇:4步教你如何复制成功品牌