យើងធ្លាប់បានដឹងនិងសិក្សាជាច្រើនរួចមកហើយទាក់ទងទៅនឹងការគ្រប់គ្រងនិងបែងចែកចរន្តសាច់ប្រាក់ឲ្យបានត្រឹមត្រូវ។ ក៍ប៉ុន្តែមនុស្សមួយចំនួននៅមិនទាន់សម្រេចភាពជោគជ័យលើផ្នែកហិរញ្ញវត្ថុរបស់ពួកគេបាននៅឡើយទេ ដោយសារកំហុសឆ្គងមួយចំនួនក្នុងជីវភាពប្រចាំថ្ងៃដែលយើងមិនបានចាប់អារម្មណ៍។

តើកំហុសឆ្គងទាំងនោះមានអ្វីខ្លះ? ទន្ទឹមនឹងបញ្ហានេះ លោក Phil Townបានលើកបង្ហាញកំហុសឆ្គងមួយចំនួនក្នុងផ្នែកហិរញ្ញវត្ថុដែលធ្វើអោយអ្នកស្តាយក្រោយក្នុងថ្ងៃខាងមុខ៖


១. គ្មានប្រាក់ត្រៀមសម្រាប់ស្ថានភាពបន្ទាន់

វាពិតជារឿងអាក្រក់ណាស់ ប្រសិនបើយើមិនមានប្រាក់ត្រៀមសម្រាប់ស្ថានភាពបន្ទាន់ទេនោះ។ យើងមិនអាចដឹងមុខបានទេថាថ្ងៃស្អែកមានរឿងអ្វីកើតឡើង ជួនកាលយើងអាចមានជំងឺ ឬសមាជិកគ្រួសារមានជំងឺ បាត់បង់ការងារ ឬក៍ត្រូវការប្រាក់សម្រាប់ស្ថានភាពបន្ទាន់អ្វីមួយ ហើយបើពេលនោះយើងមិនមានប្រាក់ត្រៀមទេ វានឹងធ្វើឲ្យយើងធ្លាក់ទៅក្នុងស្ថានភាពអាក្រក់ជាមិនខាន។ បន្ថែមពីនេះ ប្រាក់ត្រៀមសម្រាប់ស្ថានភាពបន្ទាន់ យើងត្រូវត្រៀមទុកមុនយ៉ាងហោចណាស់ក៍រយៈពេល ៦ខែដែរ ព្រោះវាអាចមានលទ្ធភាពជួយយើងឲ្យគ្រប់គ្រងស្ថានភាពបន្ទាន់ទាន់ពេលវេលា។

២.ភ្លេចអំពីការសន្សំប្រាក់ដោយស្វ័យប្រវត្តិ      

នេះជាកំហុសធំមួយដែលមនុស្សភាពច្រើនចូលចិត្តចំណាយមុនសន្សំ ដោយពួកគេយល់ថា ពួកគេគួតែយកប្រាក់ដែលរកបានទៅទិញរបស់របរ និងចាយវាយទៅតាមចំណង់របស់ពួកគេ ហើយបន្ទាប់មកលុយទាំងនោះអាចនឹងអស់ឬនៅសល់ពីការចំណាយបន្តិចបន្តួច ពួកគេក៏យកមកសន្សំទុក។ ដើម្បីជៀសវាងកំហុសនេះ យើងត្រូវសន្សំមុនចំណាយ យ៉ាងហោចណាស់ ១០% នៃប្រាក់ចំណូល យើងអាចដាក់ប្រាក់ ១០% នេះនៅក្នុងកុងធានាគារផ្សេងដើម្បីធានាថាយើងមិនប៉ះពាល់លុយនេះទេ ព្រោះវាជាការសន្សំសម្រាប់វិនិយោគ និងបង្កើតអាជីវកម្មនៅថ្ងៃអនាគតរបស់យើង។

៣.គ្មានការធានារ៉ាប់រងសុខភាព

អ្នកប្រហែលជាគិតថាវាមិនចាំបាច់ទាល់តែសោះក្នុងការចំណាយទៅលើការបង់ថ្លៃសេវាធានារ៉ាប់រងសុខភាព។ ដោយយើងយល់ថា វាមិនមែនជាបញ្ហាត្រូវព្រួយបារម្ភពេកនោះទេ ប៉ុន្តែបើយើងក្រឡេកមើលទៅសង្គមបច្ចុប្បន្នមនុស្សមួយចំនួនកំពុងជួបប្រទះបញ្ហាសុខភាពធ្ងន់ធ្ងរ និងខាតបង់ប្រាក់រួមទាំងពេលវេលាជាច្រើន ដោសារភាពមិនយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន។ វាអាចធ្វើអោយយើងខាតបង់ច្រើនក្នុងការចំណាយប្រាក់លើកការព្យាបាលជំងឺ ហើយអាចធ្វើអោយសេដ្ឋកិច្ចហិរញ្ញវត្ថុគ្រួសាររបស់យើងធ្លាក់ទៅរកសភាពអាក្រក់ថែមទៀតក៍ថាបាន ព្រោះតែការចំណាយលើសលុបលើថ្លៃព្យាបាល។ ដូច្នេះ យើងគួតែគិតឡើងវិញក្នុងការថែទាំសុខភាព និងធានារ៉ាប់រងសុខភាពរបស់យើង។

៤.ទិញរបស់ដើម្បីទាញចំណាប់អារម្មណ៍ពីអ្នកដ៍ទៃ

វាមិនមែនជាហេតុផលត្រឹមត្រូវនោះទេ ដែលមនុស្សមួយចំនួនចូលចិត្តទិញរបស់ល្អៗថ្លៃៗដូចជា ឡានទំនើប ផ្ទះតម្លៃខ្ពស់ របស់ប្រែន ដើម្បីចង់ទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន។ ពួកគេបានចំណាយលុយជាច្រើនទៅលើរបស់ទាំងអស់នោះ ដើម្បីតែចង់បង្ហាញពីភាពស៊ីវីល័យ និងភាពហ៊ឺហារបស់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្តែង យើងមិនចាំបាច់ចំណាយទៅលើរបស់ទាំងនោះច្រើនពេកទេ យើងគ្រាន់តែទិញនូវអ្វីដែលយើងត្រូវការ និងពេញចិត្តនូវអ្វីដែលយើងមានទៅគឺជារឿងល្អណាស់ទៅហើយ។ យើងអាចយកលុយដែលយើងនៅសល់ពីការចំណាយទៅបង្កើតប្រភពចំណូលផ្សេងទៀតកាន់តែល្អ។

៥.មិនបន្តការអភិវឌ្ឍលើចំណេះដឹង

វាពិតជាគួអោយសោកស្តាយណាស់ដែលមនុស្សមួយចំនួនយល់ថាការបន្តអភិវឌ្ឍលើចំណេះដឹងជារឿងដែលមិនសំខាន់។ ហើយអ្នកខ្លះទៀតដោយរវល់ជាមួយការងារប្រចាំថ្ងៃ និងកាតព្វកិច្ចមួយចំនួន ក៍ភ្លេចលើការអភិវឌ្ឍខ្លួន។ តាមពិតទៅការអភិវឌ្ឍខ្លួនគឺជារឿងដ៏សំខាន់បំផុតសម្រាប់យើងទាំងអស់គ្នា វាធ្វើឲ្យយើងមានចំណេះដឹង និងភាពវៃឆ្លាត ចេះបត់បែនគ្រប់ស្ថានភាព។ ម្យ៉ាងវិញទៀត វាគឺជាម៉ាស៊ីនផលិតលុយដែលយើងចង់បានប៉ុន្មានក៏បានតាមសម្ថភាព កាន់តែប្រើកាន់តែចម្រើន៕

ប្រភព: Business Cambodia

上一篇:How to Calculate The Predicted Running Costs of New Business 下一篇:如果人人都是产品经理,那么如何提升自己的不可替代性?