ប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា ប្រទេសកម្ពុជាបានសម្រេចការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមហាអំណាចជាច្រើន ដោយក្នុងនោះកម្ពុជាទទួលបានការអនុគ្រោះពន្ធនាំចេញស្ទើរតែមួយរយភាគរយទៅលើទំនិញជាច្រើនមុខ។ហើយមកទល់នឹងពេលនេះឃើញថាមានប្រទេសចំនួន ៣ហើយដែលបានចុះបញ្ចប់ការចរចាក្នុងការចុះពាណិជ្ជកម្មសេរីសម្រាប់អនុគ្រោះពន្ធលើទំនិញនាំចេញរបស់កម្ពុជា ដែលរួមមាន ៖


១.ប្រទេសអង់គ្លេស

យោងតាមចុះផ្សាយរបស់សមាគមកាត់ដេរកម្ពុជា បានឱ្យដឹងថា តាមវិធានថ្មីសម្រាប់ឆ្នាំ ២០២១ ដែលចេញដោយនាយកដ្ឋានពាណិជ្ជកម្មអន្តជាតិរបស់អង់គ្លេសកាលពីពេលថ្មីៗកន្លងទៅបានឱ្យដឹងថា ប្រទេសអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុប ហើយរយៈពេលអន្តរកាលបន្ទាប់ពី Brexit នឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ ប្រទេសដែលមានលក្ខណៈសម្បត្តិ ជាប្រទេសកំពុងអភិវឌ្ឍ និងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មតាមរយៈ GSP របស់អង់គ្លេស។

ប្រព័ន្ធ GSP របស់អង់គ្លេសនេះដំបូងនឹងផ្តល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានាដូចជា GSP របស់សហភាពអឺរ៉ុបដែរ។ប្រព័ន្ធ GSP របស់អង់គ្លេសនឹងមានក្របខ័ណ្ឌចំនួន ៣ ៖ ក្របខ័ណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត ក្របខ័ណ្ឌទូទៅ និងក្របខ័ណ្ឌប្រសើរឡើង។

ក្នុងនោះកម្ពុជាក៏ត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថាជាប្រទេសអភិវឌ្ឍតិចតួចបំផុត គឺស្ថិតនៅក្នុងក្របខ័ណ្ឌប្រទេសអភិវឌ្ឍតិចបំផុត។ហេតុដូច្នេះ កម្ពុជានឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតតូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធនិងគ្រឿងផ្ទុះតែប៉ុណ្ណោះ។នេះគឺដូចគ្នានឹងគម្រោង EBA ក្រោមប្រព័ន្ធ GSP របស់សភាពអឺរ៉ុប ។

២.ប្រទេសចិន

ជាមួយគ្នានេះដែរ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងត្រូវចុះហត្ថលេខាជាផ្លូវការនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការបរទេសចិន លោក វ៉ាង យី នាពេលកន្លងទៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើនេះ រដ្ឋាភិបាលកម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ ២៥%បន្ទាប់ពីកិច្ចព្រមព្រៀងនេះចុះហត្ថលេខារួចរាល់។ ក្រសួងពាណិជ្ជកម្មកម្ពុជាធ្លាប់បានអះអាងថា ទំនិញកម្ពុជាជាង៣០០មុខអាចនាំទៅចិនដោយមិនគិតពន្ធនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ ភាគីកម្ពុជាចិន(FTA)ចូលជាធរមាន នៅដើមឆ្នាំ២០២១។ នៅក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺផលិតផលកសិកម្ម ៩៥ភាគរយត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។ ប៉ុន្តែផលិតផលគ្រឿងចក្រ និងយានយន្តផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងធ្វើឱ្យភាគីចិនចំណេញច្រើនជាងកម្ពុជា។ លោកបន្ដថាចិនចំណេញច្រើនជាងកម្ពុជា ព្រោះថា ទោះបីកម្ពុជាបើកឲ្យមានការនាំចេញខាងវិស័យចិញ្ចឹមសត្វច្រើនមែន តែបច្ចុប្បន្ននេះ កម្ពុជាមិនទាន់រៀបចំខ្លួនរួចរាល់នៅឡើយទេ ដូច្នេះកម្ពុជាត្រូវការពេលវេលាបន្ថែម ខណៈប្រទេសចិនបានត្រៀមរួចរាល់សម្រាប់ធ្វើការនាំចេញមកកម្ពុជា។

សូមជម្រាបជូនថា ចិន និងកម្ពុជា គ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣ខាងមុខនេះ។ កាលពីឆ្នាំ២០១៩ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានដល់ប្រមាណជាង ៨ពាន់លានដុល្លារ កើនឡើង២៧% ធៀបនឹងឆ្នាំ២០១៨។ កម្ពុជានាំចេញទំនិញទៅប្រទេសចិនគិតជាទឹកប្រាក់កើនឡើងដល់១ពាន់លានដុល្លារ ខណៈនាំចូលពីចិនវិញក្នុងទឹកប្រាក់ជិត៧ពាន់លានដុល្លារ។ ភាគច្រើននៃទំនិញនាំចូលពីចិនជាគ្រឿងចក្របំរើឲ្យតម្រូវការផ្នែកសំណង់ រីឯទំនិញកម្ពុជានាំចូលទៅចិនភាគច្រើនជាផលិតផលកសិកម្ម។

៣.ប្រទេសកូរ៉េខាងត្បូង

កាលពីថ្ងៃទី ៣ កុម្ភៈកន្លងទៅ កម្ពុជាបានធ្វើការចរចាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ ( CKFTA )ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ។ នៅក្រោមកិច្ចព្រមព្រៀង CKFTA នេះនឹងពង្រឹកបន្ថែមទៀតលើការធ្វើសេរីភាវូបនីយកម្មទីផ្សារវាងប្រទេសទាំងពីរ លើសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលទើបតែបានចុះហត្ថលេខានាពេលថ្មីៗនេះ ។

ជាពិសេសកិច្ចព្រមព្រៀងនេះ និងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណកូរ៉េបន្ថែមទៀតលើទំនិញដែលធ្លាប់នាំចេញនាពេលកន្លងមកមានដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។មិនតែប៉ុណ្ណោះ នៅក្រោមកិច្ចព្រមព្រៀង CKFTA និងកិច្ចព្រមព្រៀង RCEP កម្ពុជានឹងលើកលែងពន្ធប្រមាណ ៩៣.៨ភាគរយនៃផលិតផលនាំចូលពីកូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូងនឹងលើកលែងពន្ធប្រមាណ៩៥.៦ភាគរយលើផលិផលរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap News Agency

សម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក។

ហើយបន្ទាប់ពីការប្រកាសបញ្ចប់ការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ រដ្ឋមន្រ្តីនៃប្រទេសទាំងពីរនឹងអនុវត្តនីតិវិធីក្នុងស្រុកសម្រាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីនេះជាផ្លូវការ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅដើមខែតុលាឆ្នាំ ២០២១ ខាងមុខនេះ៕


ប្រភព: Business Cambodia

上一篇:How Artificial Intelligence Software Can Streamline Your Business 下一篇:营销体系及产品认知提升