អ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់ហើយថា បច្ចុប្បន្នលោក Jeff Bezos គឺជាមហាសេដ្ឋីលេខ១របស់ពិភពលោក និងជាម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon។ ហើយបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Fortune បានបង្ហាញថា គិតត្រឹមខែ កុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន Amazon មានតម្លៃខ្លួននៅលើទីផ្សាររហូតដល់ទៅ ១,៧ ទ្រីលានដុល្លារ និងមានបុគ្គលិកកំពុងបម្រើការប្រមាណ ១,២៩៨,០០០ នាក់ គិតត្រឹមខែ ធ្នូ ឆ្នាំ ២០២០។

យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យដ៏សម្បើមនៃក្រុមហ៊ុន Amazon គឺដោយសារតែរបៀបដឹកនាំដ៏មុតស្រួចរបស់លោក Jeff Bezos និងជាពិសេសគឺការយកចិត្តទុកដាក់ទៅលើគុណភាពបុគ្គលិនេះឯង។ ជាក់ស្ដែង ក្រោយពេលដែល Amazon មានបុគ្គលិកប្រមាណ២១០០នាក់ហើយក៏ដោយ ក៏លោក Jeff Bezos នៅតែសកម្មក្នុងការរៀបចំដុសខាត់បុគ្គលិករបស់គាត់ទាំងអស់ ដើម្បីឱ្យក្លាយជាបុគ្គលិកស្ដង់ដារ។
ក្រោយពីមានបទពិសោធន៍យ៉ាងក្រាស់ក្រែល ទៅលើការជួបសម្ភាសន៍និងដឹកនាំបុគ្គលិកជាច្រើននាក់កន្លងមក លោក Jeff Bezos បានបង្ហើបនូវសំណួរធំៗ៣ សម្រាប់សម្ភាសន៍រើសបុគ្គលិកថ្មី ដើម្បីរើសបាននូវបុគ្គលិកដ៏ត្រឹមត្រូវសម្រាប់ស្ថាប័នរបស់អ្នក។ ដោយសំណួរធំៗ៣នោះ មានដូចខាងក្រោម៖
១.តើបុគ្គលម្នាក់នេះគួរឱ្យកោតសរសើរដែរទេ?
លោក Jeff Bezos បានលើកឡើងថា «បើនិយាយដល់មនុស្សដែលអ្នកសរសើរ ពួកគេប្រហែលជាមនុស្សដែលមានចំណុចល្អដែលអ្នកអាចរៀនសូត្រ ឬយកគម្រូវតាមបាន» បើតាមលោក Jeff Bezos តែងតែលើកឡើងថា មួយជីវិតនេះ លោកចង់ធ្វើការតែជាមួយមនុស្សណាដែលលោកសរសើរប៉ុណ្ណោះ។ ហើយតាមរយៈបទពិសោធន៍នៃការសម្ភាសន៍បុគ្គលិករាប់រយនាក់មក លក្ខណៈបុគ្គលដែលគួរឱ្យសរសើរដែលលោក Bezos សំឡឹងមើលនឹងចង់បានឱ្យចូលមកសហការការងារជាមួយគ្នានោះ គឺគេត្រូវតែជាបុគ្គលដែលមានរឿងសំខាន់២យ៉ាងក្នុងខ្លួន ពោលគឺត្រូវមានភាពជាអ្នកដឹកនាំក្នុងខ្លួន និងមានភាពស្មោះត្រង់។
យ៉ាងណាមិញ សម្រាប់សំណួរដែលអ្នកត្រូវសួរបេក្ខជនដែលត្រូវសម្ភាសន៍នោះគឺ៖ ១.ស្នើឱ្យគេរៀបរាប់ពីពេលវេលាដ៏លំបាកមួយដែលគេធ្លាប់ឆ្លងកាត់និងដោះស្រាយក្នុងស្ថានភាពដ៏អាក្រក់មួយនោះ ដើម្បីដឹងពីរបៀបធ្វើការនិងភាពជាអ្នកដឹកនាំក្នុងខ្លួនរបស់គេ។ ២.តើគេបានប្រើមធ្យោបាយដ៏បិនប្រសប់ក្នុងការដោះស្រាយបញ្ហានោះដែរឬទេ? ៣.តើអ្វីជាគោលដៅនៃដំណោះស្រាយបញ្ហារបស់គេ? ៤.តើពួកគេអាចទុកចិត្តបានទេ?ហេតុអី? ៥. តើដំណើរការគិតរបស់ពួកគេបង្ហាញអ្វីខ្លះពីខ្លួនរបស់គេ?
២.តើបុគ្គលនោះនឹងជួយអ្វីខ្លះដល់ក្រុមហ៊ុននៅពេលដែលគេចូលមកធ្វើការ?លោក Jeff Bezos បានបង្ហាញថា វាពិតជាមិនស្រួលទេក្នុងការមើលថាតើបេក្ខជនដែលមកសម្ភាសន៍នោះ អាចនឹងអាចចូលរួមជួយឱ្យក្រុមហ៊ុនរីកចម្រើនអ្វីខ្លះនៅពេលខាងមុខ។ ហើយដើម្បីសម្រេចចិត្តត្រង់ចំណុចនេះបាន លោក Bezos បានយកគុណតម្លៃស្នូលមួយដែលធ្វើឱ្យ Amazon ជោគជ័យ យកមកតេសលើបុគ្គលិកនោះ ពោលគឺមើលទៅលើ «ការគិតរយៈពេលវែង»។
ដោយសំណួរដែលត្រូវសួរនោះគឺ តើពួកគេមើលឃើញថា ក្រុមហ៊ុននឹងមានការរីកចម្រើនអ្វីខ្លះក្នុងរយៈពេល៥ឆ្នាំទៅខាងមុខ? ដោយសំណួរនេះនឹងបង្ហាញពីចក្ខុវិស័យពោលគឺ «ការគិតរយៈពេលវែង» របស់បេក្ខជននោះ។
៣.តើបុគ្គលនេះអាចនឹងក្លាយជាបុគ្គលិកឆ្នើមប្រចាំក្រុមហ៊ុនដែរឬទេ?
ជាមួយនឹងជំនាញក៏ដូចជាបទពិសោធន៍របស់បេក្ខជនមកសម្ភាសន៍ Bezos បាននិយាយថា“វាចាំបាច់ក្នុងការពិចារណាពីទេពកោសល្យផ្ទាល់របស់បេក្ខជននីមួយៗ”។ក្នុងចំណុចនេះBezos តែងសង្កេតមើលទៅលើ សកម្មភាពក្រៅការសិក្សា ចំណង់ចំណូលចិត្ត ជំនាញពិសេសដែលមិនទាក់ទងលើប្រវត្តិរូបសង្ខេបរបស់ពួកគេកំឡុងពេលសម្ភាសន៍នោះទេ។ ដោយហេតុថាមនុស្សម្នាក់ៗតែមានចក្ខុវិស័យខុសៗគ្នា ហើយគំនិតជាមួយភាពច្នៃប្រឌិតនោះ វាអាចជាផ្នែកមួយដែលរំលេចចេញពីសមត្ថភាពរបស់មនុស្សម្នាក់ថានឹងអាចរីកដុះដាលទៅដល់ថ្ងៃមុខបាន។

យោងតាមគោលគំនិតរបស់Jeff Bezos ទាំង ៣ខាងលើបង្ហាញឱ្យថា មនុស្សគ្រប់រូបតែងធ្វើតាមរបៀបនិងបែបផែនដែលពួកគេមាននៅក្នុងខ្លួន ហើយការដែលក្រុមហ៊ុនអាចរីកចម្រើនទៅមុខបាននោះមិនប្រាកដថា មនុស្សម្នាក់នោះជាមនុស្សដែលពូកែក្នុងការសិក្សាឬការពូកែតែធ្វើការនោះទេ។Jeff Bezos តែងតែផ្តល់ឱ្យបេក្ខជនដែលមានតាមតស៊ូនឹងការងារ ភាពច្នៃប្រឌិត និងគំនិតដែលជាទេពកោសល្យផ្ទាល់របស់ពួកគេ ហើយក្រុមមនុស្សទាំងនេះនឹងអាចធ្វើឱ្យក្រុមហ៊ុនមួយដើរទៅមុខជានិច្ចជាមួយនឹងយុទ្ធសាស្រ្ដល្អៗ និងគំនិតច្នៃប្រឌិតរបស់គេ៕


ប្រភព: Business Cambodia 

上一篇:10 Essentials To Make Perfect PPC Reports For Your Clients 下一篇:认知、行为和结果