ពេលចេញរកស៊ីអ្នកណាៗក៏ប្រាថ្នាចង់ឱ្យបានភ្ញៀវចូលពេញៗ បើសម្រាប់អ្នកធ្លាប់មានបទពិសោធន៍រកស៊ីពីមុនៗមកប្រហែលជាមិនសូវជាមានបញ្ហាទៅលើរឿងនេះឡើយ តែដោយឡែកប្រសិនបើសម្រាប់អ្នកចេញរកស៊ីថ្មីៗប្រហែលជាមានបញ្ហាច្រើន ដោយមិនដឹងថាគួរធ្វើបែបណាទើបអាជីវកម្មដែលបើកទៅមានភ្ញៀវច្រើន។ថ្ងៃនេះ  សូមលើកយកក្បួនរកស៊ីទាញភ្ញៀវទាំង ៧ដែលអ្នកទើបចេញរកស៊ីដំបូងៗគួរតែរៀនសូត្រតាម។ ចំណុចទាំងនោះរួមមាន ៖

១. បញ្ចុះតម្លៃ ឬក៏ប្រមូលសិន ៖អតិថិជននាពេលបច្ចុប្បន្នពេញនិយមហើយចូលចិត្តបំផុតការញ៉ាំអាហារដែលមានការបញ្ចុះតម្លៃ។ការបញ្ចុះតម្លៃវាជាចំណុចទាក់ទាញដំបូងបំផុតដែលធ្វើឱ្យអតិថិជនមានឱកាសបានចូលសាករសជាតិនៃអាហារក៏ដូចជាសេវាកម្មក្នុងហាងរបស់យើង ហេតុនេះអ្នករកស៊ីដំបូងៗការបញ្ចុះតម្លៃវាមិនមែនជាបញ្ហាចោទអ្វីឡើយ តែត្រូវធ្វើការបញ្ចុះតម្លៃឬប្រមូលសិនឱ្យមានដែនកំណត់ មិនមែនញឹកញាប់ពេកឡើយ។

២.ថែរក្សាអតិថិជន ៖វាជារឿងមួយដែលមិនងាយស្រួលនោះឡើយក្នុងការថែរក្សាអតិថិជនឱ្យក្លាយជាអតិថិជនប្រចាំហាងរបស់យើង ប៉ុន្តែបើអ្នកចង់ឱ្យពួកគេក្លាយជាអតិថិជនប្រចាំហាងអ្នកត្រូវតែថែរក្សាចាស់ៗឱ្យបានាល្អបំផុត ដោយការយកចិត្តទុកដាក់លើពួកគេ ព្រោះថាពួកគេជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្អបំផុតសម្រាប់ទាក់ទាញអតិថិជនថ្មីៗឱ្យចូលមកហាងរបស់អ្នក។

៣. ទំនាក់ទំនង ៖អ្នកត្រូវព្យាយាមមានទំនាក់ទំនងឬមានបណ្តាយឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ព្រោះថាការមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនធ្វើឱ្យអាជីវកម្មអ្នកអាចមានគេស្គាល់កាន់តែច្រើនទៅតាមនោះដែរ។

៤.ធ្វើបច្ចុប្បន្នភាពលើវេបផ្សាយ៖គេហទំព័រគឺជាប្រព័ន្ធផ្សព្វផ្សាយដំបូងបំផុតដែលជួយឱ្យភ្ញៀវស្គាល់ពីទីតាំង ឬសេវាកម្មនៃអាជីវកម្មរបស់អ្នក ហេតុនេះអ្នកគួរតែធ្វើបច្ចុប្បន្នភាពទៅលើគេហទំព័ររបស់អ្នកឱ្យបានញឹកញាប់ក៏ជាល្អមួយផងដែរ។

៥.មានដៃគូអាជីវកម្មផ្សេងទៀត ៖ក្រៅពីការបង្កើតអាជីវកម្មផ្ទាល់ខ្លួនហើយនោះ អ្នកគួរតែស្គាល់ម្ចាស់អាជីវកម្មផ្សេងៗទៀតបន្ថែមផងដែរ ដើម្បីឱ្យអ្នកមានឱកាសបានសិក្សារៀនសូត្រពីការរកស៊ីពីដៃគូអាជីវកម្មផ្សេងៗទៀត។ព្រោះថាគំនិតអាជីវកម្មរបស់អ្នកនិងអ្នកដទៃគឺមានភាពខុលប្លែកគ្នា ហេតុនេះអ្នកត្រូវចេះរៀនសូត្រពីគ្នាទៅវិញទៅមក។

៦.ចេះមានការអភិវឌ្ឍន៍៖ការរកស៊ីត្រូវតែមានការផ្លាស់ប្តូរលើចំណុចខ្លះៗទាំងការរៀបចំហាង ការនាំចូលមកនូវអ្វីដែលប្លែកបន្ថែម ព្រោះថាការធ្វើបែបនេះជួយធ្វើឱ្យអតិថិជនមិនមានអារម្មណ៍ថាច្រំដែលៗ ។នេះជាចំណុចពិសេសមួយដែលធ្វើឱ្យអតិថិជនរបស់យើងមិនងាយចាកចេញពីយើង។

៧.ការចូលរួម ៖ចំណុចនេះចង់ផ្តោតទៅលើការចូលរួមការងារសង្គមឬកិច្ចការងារផ្សេងៗដើម្បីស្វែងយល់ពីពិភពខាងក្រៅ មើលពីការរីកចម្រើនរបស់សង្គម និងមើលពីតម្រូវការទីផ្សារ ថាតើអតិថិជនមានភាពពេញនិយមទៅលើអ្វីជាងគេ ម៉្យាងទៀតធ្វើឱ្យអ្នកអាចមើលឃើញពីចំណុចខ្វះខាតរបស់ខ្លួនបានផងដែរ៕


ប្រភព: Business Cambodia

上一篇:Benefits Of Getting a Loan From Direct Lenders 下一篇:2021年哪些行业发展潜力巨大?哪些值得投资?