Telegram ត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គមដ៏ពេញនិយមមួយ សម្រាប់មនុស្សសម័យថ្មីដែលត្រូវបានបង្កើតឡើងដោយយុវជនរុស្សីម្នាក់ឈ្មោះថា Pavel Durov ។ មានកត្តាជាច្រើនដែលធ្វើឲ្យមនុស្សសម្រេចចិត្តជ្រើសរើសបណ្ដាញសង្គមមួយនេះជាឧបករណ៍សំរាប់ទំនាក់ទំនង ជាពិសេសនៅក្នុងការបំពេញការងារព្រោះ កម្មវិធីមួយនេះមានមុខងារងាយស្រួលជាច្រើនសម្រាប់អ្នកប្រើប្រាស់ ដោយអាចផ្ញើឯកសារផ្សេងៗមិនថាជារូបភាព វីដេអូ សំឡេង ក្នុងទំហំធំៗ និងនៅតែរក្សាគុណភាពរូបភាពក្នុងកម្រិតច្បាស់ និងអាចផ្ញើបានដោយមិនគិតថ្លៃ។

ដោយសារតែគុណសម្បត្តិទាំងអស់នេះហើយទើបធ្វើឱ្យបណ្តាញសង្គមមួយនេះអាចទាញអ្នកប្រើប្រាស់បានរាប់លាននាក់នៅជុំវិញពិភពលោក ហើយពីមួយថ្ងៃទៅមួយថ្ងៃបណ្តាញសង្គមមួយនេះមានចំនួនអ្នកប្រើប្រាស់កើនឡើងជាលំដាប់ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះគ្រាន់តែ Facebook គាំងមួយភ្លែតសោះ បានធ្វើឱ្យប្រើប្រាស់សម្រុកទៅទាញយក Telegram ដល់ទៅ៧០លាននាក់ត្រឹមមួយថ្ងៃ ដែលធ្វើឱ្យអ្នកប្រើប្រាស់សរុបរបស់ Telegram បានកើនឡើងដល់ទៅ១ពាន់លាននាក់។ហើយបើគិតមកត្រឹមឆ្នាំ ២០២១ នេះ កម្មវិធី Telegram មានអ្នកទាញយកសរុបចំនួន ១ពាន់លាននាក់ និងមានអ្នកប្រើប្រាស់សកម្ម ៥០០លាននាក់។។ ប៉ុន្តែអ្វីដែលមនុស្សជាច្រើនតែងតែឆ្ងល់គឺ តើតេឡេក្រាមអាចរកចំណូលបានពីប្រភពណា ប្រសិនបើបណ្ដាញសង្គមមួយនេះ មិនដែលឃើញមានការផ្សាយពាណិជ្ជកម្ម ឬយកលុយពីអ្នកប្រើប្រាស់ផងនោះ។

ប៉ុន្តែចម្ងល់គ្រប់យ៉ាងត្រូវបានបកស្រាយ បើយោងតាម feedough.com បានឱ្យដឹងថា បណ្ដាញសង្គមយក្សមួយនេះគឺមិនបានរកចំណូលពីការផ្សាយពាណិជ្ជកម្ម ឬការគិតថ្លៃពីអ្នកប្រើប្រាស់នោះទេ ព្រោះបណ្ដាញសង្គមមួយនេះបានបង្កើតឡើងដំបូងឡើយក្នុងគោលដៅជាអំណោយសប្បុរសដ៏មានតម្លៃមួយសម្រាប់មហាជនតែប៉ុណ្ណោះ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ បណ្ដាញសង្គមយក្សមួយនេះគឺរកចំណូលបានពីការបរិច្ចាគ របស់មហាជន និងស្ថាប័នធំៗផ្សេងៗជាច្រើនដែលប្រើប្រាស់Telegram ហើយបណ្ដាញសង្គមតេលេក្រាមក៏នឹងធ្វើការរៃអង្គាសប្រាក់ពីស្ថាប័នធំៗមួយចំនួនផងដែរនៅក្នុងករណីត្រូវការចាំបាច់ណាមួយ។ មួយវិញទៀត ធនធានដែល Telegram ប្រើដើម្បីចិញ្ចឹមអាជីវកម្មរបស់ខ្លួនភាគច្រើនគឺបានមកពីទុនរបស់អ្នកវិនិយោគផ្សេងៗតែប៉ុណ្ណោះ។

បើតាមប្រសាសន៍របស់ស្ថាបនិករបស់តេឡេក្រាមបានឲ្យដឹងថា គោលដៅនៃការបង្កើតតេឡេក្រាមនេះ គឺចង់បម្រើដល់មនុស្សលោកក្នុងន័យសប្បុរធម៌ច្រើនជាង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កាកររស់ដោយពឹងលើការបរិច្ចាគពីគេ ប្រហែលជាមិនអាចធ្វើឱ្យ Telegram អាចរីកចម្រើនបានយូរអង្វែងទៅនាអនាគតនោះទេ ទើប Telegram កំពុងតែគិតគូរពីគម្រោងនៅក្នុងឆ្នាំ ២០២១នេះ ដោយបណ្ដាញសង្គមយក្សមួយនេះក៏បានធ្វើការផ្លាស់ប្ដូរនូវទម្រង់អាជីវកម្មរបស់ខ្លួនមួយចំនួនទាក់ទងនឹងការចង់ទាញយកចំណូលពីការផ្សាយពាណិជ្ជកម្មដូចបណ្ដាញសង្គមផ្សេងៗទៀតដែរ តាមរយៈការផ្សាយពាណិជ្ជកម្មនៅតាម Group និងតាមឆានែលធំៗដែលមានសមាជិកច្រើន។

ជាក់ស្ដែងមានឆានែលមួយចំនួនមានអ្នកសមាជិករហូតដល់ទៅរាប់លាននាក់ ហើយបើគេគិតឆានែលធំៗចំនួន ១០តែប៉ុណ្ណោះ គឺមានសមាជិករហូតដល់ទៅ ១២០លាននាក់ ដែលនេះជាប្រភពចំណូលដ៏ធំមួយសម្រាប់ Telegram នៅពេលដែលគម្រោងចាប់ផ្ដើមផ្សាយពាណិជ្ជកម្មចាប់ផ្ដើមដំណើរការ។ ទន្ទឹមនឹងនេះដែរ ថ្នាក់ដឹកនាំ Telegram ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើ Telegram សម្រេចចិត្តផ្សព្វផ្សាយពាណិជ្ជកម្មចូលទៅក្នុង Group និងChanel ធំៗ នោះអ្នកគ្រប់គ្រងGroup និង Chanel ធំៗទាំងនោះក៏នឹងទទួលបានអត្ថប្រយោជន៍ដូចគ្នា។ គួរបញ្ជាក់ផងដែរថា គម្រោងចេញផ្សព្វផ្សាយពាណិជ្ជកម្មនេះគឺកំពុងតែស្ថិតនៅក្នុងការពិចារណាតែប៉ុណ្ណោះ ប៉ុន្តែវាក៏ជាដំណឹងល្អមួយផងដែរសម្រាប់ម្ចាស់ Group និង Chanel ធំៗដែលមានសមាជិកច្រើន ពោលគឺគាត់អាចនឹងទាញចំណូលបាន បើសិនជា Telegram ពិតជាចេញគោលការណ៍ផ្សាយពាណិជ្ជកម្មពិតមែន៕


ប្រភព៖ Business Cambodia

上一篇:Philanthropic Summits Go Online to Promote Social Responsibility 下一篇:只是盲目为钱工作?怎么样能够享受工作带来的乐趣!