បច្ចុប្បន្ននេះ យើងសង្កេតឃើញថា មនុស្សភាគច្រើនហាក់មានទំនោរទៅលើការចេញរកស៊ីខ្លួនឯង ជាជាងការធ្វើការឱ្យអ្នកដទៃ។ ដោយហេតុថា ការប្រកបរបររកស៊ីដោយខ្លួនឯងមានសេរីភាពគ្មានគំនៀបពីថ្នាក់លើ និងអាចទទួលបានប្រាក់ចំណូលច្រើនជាងធ្វើការឱ្យគេ។ យ៉ាងណាក៏ដោយ បើទោះបីជាស្ដាប់មើលទៅហាក់ដូចជាការរកស៊ីខ្លួនឯងទំនងជាល្អជាងការធ្វើការឱ្យគេក៏ពិតមែន ប៉ុន្ដែនៅក្នុងការរកស៊ីមានហានិភ័យ និងមានបញ្ហាស្មុគស្មាញរាប់រយជំពូកដែលត្រូវដោះ ជាហេតុធ្វើឱ្យអ្នកខ្លះក៏ជោគជ័យនិងអ្នកខ្លះទៀតក៏ត្រូវដួលនៅក្នុងសង្វៀនរកស៊ីនេះ។

ជាមួយគ្នានេះផងដែរ លោក សំ កុសល ក៏បានបង្ហើបពីមនុស្ស៣ជំពូក ដែលអ្នកមិនគួរដូរតាមគន្លងចាស់របស់ពួកគាត់បើចង់ជោគជ័យក្នុងការរកស៊ី។ ដោយមនុស្សទាំង៣ជំពូកនោះមានដូចជា៖

មនុស្សជំពូកទី១ ចង់មានតែខ្ជិលរៀន

លោក សំ កុសល បានលើកឡើងថា ការរកស៊ីគឺជាការរៀនសូត្រ ហើយមនុស្សដែលខ្ជិលរៀនសូត្រគឺគ្មានថ្ងៃរីកចម្រើននិងមិនមានលទ្ធភាពធ្វើអ្វីឱ្យទៅជាដុំកំភួនដូចគេទេ។ ជាទូទៅយើងសង្កេតឃើញថា ជំពូកមនុស្សដែលខ្ជិលរៀនសូត្រ ភាគច្រើនគេមិនចូលចិត្តធ្វើអ្វីដែលលំបាកៗនោះទេ បើចេញរកស៊ីវិញគេចង់ដើរតែផ្លូវកាត់ ចង់ធ្វើតែរឿងស្រួលៗប៉ុណ្ណោះ។ យ៉ាងណាមិញ នៅក្នុងការរកស៊ីមានរឿងរ៉ាវនិងបញ្ហាចាស់ថ្មីជាច្រើនដែលយើងត្រូវដោះស្រាយ។ ហើយបើយើងខ្ជិលច្រអូសមិនខំប្រឹងរៀនសូត្រជាប្រចាំ និងចង់តែដើរផ្លូវកាត់ ពេលជួបបញ្ហាប្រាកដជាគ្មានអ្វីយកទៅដោះស្រាយនោះទេ។ ហេតុនេះបើចង់មានត្រូវប្រឹងរៀនសូត្រជាប្រចាំ ហើយត្រូវចាំថា គេមិនដែលឃើញមនុស្សគ្មានចំណេះដឹងសោះក្លាយជាអ្នកមានឬអ្នករកស៊ីជោគជ័យនោះទេ។

មនុស្សជំពូកទី២ ចិត្តសាវានិងខ្វះការតស៊ូ

លោក សំ កុសល បានលើកឡើងថា ជំពូកមនុស្សដែលមានចិត្តសាវានិងខ្វះការតស៊ូ មិនអាចជោគជ័យក្នុងការរកស៊ីបានទេ។ ដោយជាទូទៅ មនុស្សប្រភេទនេះ ជាមនុស្សដែលមើលឃើញឱកាសច្រើនតែមិនដឹងចាប់មួយណាឱ្យពិតប្រាកដនោះទេ។ ហើយធ្វើរឿងមួយមិនទាន់បានសម្រេចផង ដល់ជួបការលំបាកបន្ដិច គេច្រើនតែបោះបង់ បន្ទាប់មករត់ទៅចាប់ឱកាសថ្មីមួយផ្សេងទៀត ហើយមនុស្សប្រភេទនេះគ្មានថ្ងៃជោគជ័យនោះទេ។ និយាយរួម បើចង់ស្គាល់ក្លិនជោគជ័យ អ្នកត្រូវតែមានភាពនឹងធឹងនៅក្នុងខ្លួន ជ្រើសរើសឱកាសមួយ ហើយប្រឹងធ្វើវាឱ្យអស់ពីសមត្ថភាពនិងកុំបោះបង់ឬ ដូរច្រើនដងពេក។

មនុស្សជំពូកទី៣ ចាយវាយខ្ជះខ្ជាយហ៊ឺហា

នៅត្រង់ចំណុចនេះ លោក សំ កុសល បានលើកឡើងថា មនុស្សដែលមិនចេះចាត់ចែងសន្សំសំចៃ និងចាយវាយខ្ជះខ្ជាយហ៊ឺហា ចុងក្រោយច្រើនតែបរាជ័យ។ ដោយការចាយខ្ជះខ្ជាយរបស់ពួកគេ គឺជាការចាយដែលខុសគោលដៅ ខណៈមនុស្សជោគជ័យគេខំសន្សំសំចៃ និងចាយទៅលើរឿងដែលចាំបាច់តែប៉ុណ្ណោះ។ ហើយមួយទៀត គេមិនដែលខ្លាចក្នុងការចាយទៅលើចំណេះដឹងនោះទេ។ ដូច្នេះអ្នកត្រូវចាំថា ទោះជាអ្នកពូកែរកលុយយ៉ាងណាក៏ដោយ បើអ្នកមិនចេះសន្សំសំចៃទេ ទោះរកបានប៉ុន្មានក៏មិនសល់ដែរ៕


ប្រភព: Business Cambodia

上一篇:Why Businesses Should Migrate to QuickBooks Enterprise Cloud? 下一篇:创业是9死1生的游戏,为什么创业失败率会这么高?新创公司会失败的5个原因