សហគ្រិនវ័យក្មេងកំពុងតែសម្លឹងរកដៃគូរកស៊ីល្អ ដែលអាចចូលហ៊ុនគ្នារកស៊ីបានយូរ និងជោគជ័យតើមែនទេហើយចង់ដឹងថាធ្វើដូចម្តេចទើបបានដៃគូរកស៊ីល្អបែបនោះតើមែនទេថ្ងៃនេះ  សូមសម្រាំងយកគោលការណ៍៨ចំណុចដើម្បីរើសបានដៃគូរកស៊ីល្អ ដែលអាចទៅជាមួយគ្នាបានយូរ និងមិនរត់ចោលគ្នាពេលបរាជ័យ៖

១.ទុកចិត្តបាន

មនុស្សដែលទុកចិត្តបាន ចង់សំដៅលើមនុស្សដែលមិនរត់ចោលពេលជួបបញ្ហាលំបាក និងខ្សែរលើពេលឃើញចំណេញ ពោលគឺ ត្រង់ទៅ ត្រង់មក មិនបោះបង់ មិនរុញរា ប្តូរផ្តាច់ពេលចេញរកស៊ី ប្រៀបដូចមនុស្សជិះទូកតែមួយដែលដាក់ចិត្តដាក់កាយរីកចម្រើនជាមួយគ្នា បើខាតគឺខាតទាំងអស់គ្នា។

២.ជំនាញ

ក្នុងការរកស៊ីចូលហ៊ុនគ្នាជំនាញក៏ជាផ្នែកមួយសំខាន់ហើយខ្វះមិនបានទៀតផង ព្រោះថារាល់សមាជិកក្នុងក្រុមទាំងអស់ត្រូវមានជំនាញរាងៗខ្លួនដើម្បីបំពេញតម្រូវការការងារក្នុងក្រុមហ៊ុន ហើយផលពីការងារត្រូវជំនាញវាពិតជាផ្តល់ប្រយោជន៍ច្រើនណាស់ដល់ចំណូលរបស់ក្រុមហ៊ុន និងធ្វើឲ្យអាជីវកម្មរឹងមាំ។

៣.ពេលវេលា

ចំណុចបន្ទាប់នេះប្រៀបដូចចំណុចមុនៗដែរ ដែលសុទ្ធតែសំខាន់សម្រាប់សមាជិកម្នាក់ៗចាំបាច់ត្រូវតែមានក្នុងពេលចេញរកស៊ី ព្រោះថាក្រុមហ៊ុនមិនអាចរីកចម្រើនទៅមុខលឿនឡើយបើសមាជិកក្នុងក្រុមគ្មានពេលវេលាសោះ សម្រាប់អាជីវកម្ម។ ពេលចាប់ដៃគ្នារកស៊ី កុំភ្លេចចរចាលើចំណុចនេះឲ្យបានច្បាស់លាស់ ជៀសវាងរើសបានសមាជិកដែលគ្មានពេលវេលាគ្រប់គ្រាន់ គ្មានលទ្ធភាពបង្កើតលទ្ធផលដល់អាជីវកម្មរបស់អ្នក។

៤.មានផ្នត់គំនិតរកស៊ី និងគោលដៅរកស៊ី

មិនបាច់ចាំថាបុគ្គលនោះ ជាមនុស្សដែលមានលុយច្រើនសឹមចេញរកស៊ីជាមួយគេនោះទេ អោយតែមានផ្នត់គំនិតរកស៊ី ហើយរកស៊ីមានគោលដៅច្បាស់លាស់ អ្នកអាចចាប់ដៃជាមួយគេចេញរកស៊ីបាន ព្រោះគំនិត និងគោលដៅនេះហើយ ជាអ្នកបង្កើតលុយឲ្យក្រុមហ៊ុន ឬម្ចាស់អាជីវកម្មនេះឯង។៥.ហិរញ្ញវត្ថុ

ជាក់ស្តែងបើគ្មានលុយចូលហ៊ុនគ្នារកស៊ីមិនកើតទេ ប៉ុន្តែមិនមែនមានន័យថា ទាល់តែមានលុយច្រើនទើបអាចរកស៊ីបាននោះដែរ គឺវាអាស្រ័យលើមុខរបរដែលម្ចាស់អាជីវកម្មទាំងអស់ជ្រើសរើស ចំនួនសមាជិក និងទឹកប្រាក់ក្នុង ចំនួនណាមួយដែលត្រូវចំណាយជាដើម វាមានភាពបត់បែនទៅតាមភាគីទាំងអស់ព្រមព្រៀងគ្នា ខណៈអាជីវកម្មខ្លះដៃទទេក៏អាចរកស៊ីបានដែរ ឲ្យតែមានជំនាញ។

៦.បែងចែកអត្ថប្រយោជន៍

វាជាចំណុចស្លាប់រស់នៃការរកស៊ីចូលហ៊ុនគ្នា ព្រោះថាប្រសិនបើអាជីវកម្មមួយដើរសុខៗឃើញចំណេញទៅហើយ ស្រាប់តែទំនាស់ផលប្រយោជន៍កើតឡើង នោះអាជីវកម្មប្រាកដជាជួបនឹងបញ្ហាធំ និងជួបការបែកបាក់មិនខាន ប្រសិនបើមានការអាក់អន់ស្រពន់ចិត្តចំពោះការបែងចែកប្រយោជន៍នេះ។

៧.ចិត្តទូលាយ

ចំណុចនេះចង់សំដៅថា អាចឲ្យអ្នកពឹងពាក់បានទាំងក្នុងរឿងរកស៊ី និងបញ្ហាលុយកាក់ជាដើម រកបានដៃគូរកស៊ីដែលមានចិត្តទូលាយបែបនេះ ទើបអាចរកស៊ីជាមួយគ្នាបានយូរអង្វែង និងរីកចម្រើន ព្រោះរឿងអ្វីៗក៏ដោយភាគីទាំងសងខាងសុទ្ធតែអាចពឹងគ្នាបានទៅវិញទៅមក។

៨.ហ៊ានសម្រេចចិត្ត

នៅក្នុងរឿងរកស៊ីជៀសមិនផុតទេ ពីការសម្រេចចិត្ត ម្លោះហើយចូរសម្លឹងមើលនរណា ដែលសម្រេចចិត្តច្បាស់លាស់ និងមានសិល្បះនៃការសម្រេចចិត្តបានត្រឹមត្រូវ។ និយាយមួយបែប គឺសម្រេចចិត្តបានត្រឹមត្រូវ និងគិតដល់ប្រយោជន៍រួមជាធំ មិនសម្រេចចិត្តលើរឿងអ្វីមួយដើម្បីចំណេញពីភាគីផ្សេងទៀតឬក៏សម្រេចចិត្តអ្វីមួយដោយគ្មានមូលដ្ឋាន ហើយធ្វើឲ្យអាជីវកម្មជួបវិបត្តិនោះឡើយ ៕


ប្រភព: Business Cambodia

上一篇:Top Tips for Launching a Business 下一篇:这7件事,成功人士在吃早餐前就做好了