ប្រសិនបើអ្នកសាកបិទភ្នែកឥឡូវនេះ ហើយរាប់ពី១ ដល់ ១០ អ្នកទាំងអស់គ្នាដឹងទេថា ត្រឹមពេល១០វិនាទីដែលអ្នកបានរាប់អម្បាញ់មិញនេះ មានក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន៥ អាចរកចំណូលបានដល់ទៅខ្ទង់រាប់សែនដុល្លារឯណោះ។ ហើយខាងក្រោមនេះគឺជាចំណូលរាប់សែនដុល្លារដែលកើតឡើងត្រឹមពេល១០វិនាទី នៃក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៥ ដែលចុះផ្សាយដោយសារព័ត៌មាន CNBC

១. ក្រុមហ៊ុន Amazon៖ នៅក្នុងមួយនាទី ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon អាចរកជំចំណូលបានរហូតដល់ទៅ ៨៣៧,៣៣០ដុល្លារ ឯណោះ ខណៈក្នុងរយៈពេល១០វិនាទីក្រុមហ៊ុនមួយនេះ អាចរកចំណូលបាន ១៣៩,៥៥៥ដុល្លារ។ ដោយឡែកសម្រាប់ចំណូលសរុប មានប្រមាណ ១០៨.៥២ពាន់លានដុល្លារឯណោះ បើគិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២១។


២.ក្រុមហ៊ុន Apple ក្នុងរយៈពេល១នាទី ក្រុមហ៊ុន Apple អាចរកចំណូលបានខ្ទង់ ៦៩១,២៣៤ដុល្លារ ខណៈចំណូលក្នុងរយៈពេល ១០វិនាទីរកបានរហូតដល់ទៅ ១១៥,២០៥ដុល្លារ។ ហើយចំណែកឯចំណូលសរុបនៃត្រីមានដំបូងនៃឆ្នាំ២០២១នេះវិញ  Apple រកបានរហូតដល់ទៅ ៨៩.៦ពាន់លានដុល្លារឯណោះ។

៣.ក្រុមហ៊ុន Alphabet នៅក្នុងពេល ១០វិនាទី ក្រុមហ៊ុនAlphabet អាចរកចំណូលបាន ៧១,១៣៤ដុល្លារ ខណៈក្នុងមួយនាទីអាចរកបាន ៤២៦,៨០៦ដុល្លារ។ ដោយឡែកសម្រាប់ចំណូលនៃត្រីមាសទី១ សរុបមានចំនួន ៥៥.៣ពាន់លានដុល្លារឯណោះ។

៤.ក្រុមហ៊ុន Microsoft នៅក្នុងមួយនាទី Microsoft អាចរកចំណូលបាន ៣២១,៨០៥ដុល្លារ ខណៈក្នុង១០វិនា Microsoft រកបាន ៥៣,៦៣៤ដុល្លារ។ ដោយឡែកសម្រាប់ចំណូលសរុប មានប្រមាណ ៤១,៧ពាន់លានដុល្លារបើគិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២១។

៥.ក្រុមហ៊ុន Facebook ក្នុងពេល១០វិនាទី ក្រុមហ៊ុនFacebook រកបាន ៣៣,៦៥៦ដុល្លារ ខណៈ១នាទី រកបាន ២០១,៩៣៦ដុល្លារ។ ដោយឡែកសម្រាប់ចំណូលសរុបគិតត្រឹមត្រីមាសទី១ មាន ២៦.២ពាន់លានដុល្លារឯណោះ។

យ៉ាងណាមិញ សម្រាប់ចំណូលដ៏មហាសាលដែលក្រុមហ៊ុនបច្ចេកវិទ្យាទាំង៥ ខាងលើរកបាននេះ  វាឆ្លុះបញ្ចាំងឱ្យយើងឃើញថា ការរកស៊ីដោយប្រើបច្ចេកវិទ្យា និងអ៊ីនធឺណិត គឺជាការហែលបណ្ដោយទឹក។

ខ្ញុំសូមលើកឧទហរណ៍ជាក់ស្ដែងដើម្បីឱ្យបងប្អូនឃើញរូបភាពកាន់តែច្បាស់ ឧ.យើងបើកហាងជួលកែសែត ឬឌីសភាពយន្ដមួយ ដោយដាក់គោលដៅបើកសាខាឱ្យបានទូទាំងប្រទេស។ ហើយឌីសរឿងក្នុងហាងរបស់យើងអាចជួលឱ្យភ្ញៀវ២០០នាក់ក្នុងមួយថ្ងៃ។ ៣ឆ្នាំក្រោយមក យើងរកប្រាក់ចំណេញបាន៥ម៉ឺនដុល្លារ និងកើនភ្ញៀវរាប់រយនាក់បន្ថែមទៀត។ ហើយដើម្បីអាចបំពេញតម្រូវការអតិថិជន និងអាចពង្រីកសាខាបាន បងប្អូនត្រូវចំណាយលុយចំណេញ ៥ម៉ឺនដុល្លារដែលរកបាននោះ ទៅបើកហាងមួយទៀត។ ហើយការធ្វើបែបនេះមិនខុសនោះទេ ប៉ុន្ដែទម្រាំសម្រេចគោលដៅបើកហាងទូទាំងប្រទេសបានយើងត្រូវចំណាយពេលរាប់សិបឆ្នាំ និងចំណាយទុនច្រើនរាប់សែនដុល្លារឯណោះ។

យ៉ាងណាមិញ បើយើងងាកមកប្រើបច្ចេកវិទ្យា តាមរយៈការបង្កើតវេបសាយមើលរឿងមួយ ហើយឱ្យអតិថិជន ចុះឈ្មោះបង់លុយប្រចាំខែដើម្បីមានសិទ្ធិចូលមើលរឿង។ យើងអាចទទួលមនុស្សឱ្យចូលមើលបានរាប់ពាន់រាប់ម៉ឺននាក់ និងមិនចាំបាច់ចំណាយលុយពង្រីកហាងអស់រាប់ម៉ឺនដុល្លារទៅលើការពង្រីកទីតាំងនោះឡើយ។ ហើយនេះគឺជាអ្វីដែលក្រុមហ៊ុនមើលរឿងអនឡាញមានឈ្មោះថា Netflix បានធ្វើ ហើយទទួលបានជោគជ័យ ដែលសព្វថ្ងៃអាចរកចំណូលបានរាប់ពាន់លានដុល្លារ។

សរុបមក ស្របពេលដែលបច្ចុប្បន្ន សេដ្ឋកិច្ចពិភពលោកកំពុងតែវិវត្តន៍ប្រែខ្លួនទៅរកសេដ្ឋកិច្ចឌីជីថលពេញតួនោះ (Digital Economy) យើងមិនអាចអង្គុយស្ងៀមមួយកន្លែងនោះឡើយ ពោលគឺយើងត្រូវតែប្រឹងអភិវឌ្ឍន៍ខ្លួនឯងរត់ឱ្យទាន់ការរីកចម្រើនរបស់ពិភពលោក រៀនឱ្យចេះចំណេះដឹងថ្មីៗ កុំឱ្យក្លាយជាជនរងគ្រោះព្រោះតែការផ្លាស់ប្ដូរ។ ចាប់ពីពេលនេះទៅអ្នកដែលយល់ដឹងពីបច្ចេកវិទ្យាថ្មីៗ និងប្រើបច្ចេកវិទ្យាយកមករកស៊ី គឺមិនខុសអ្វីពីការហែលបណ្ដោយទឹកអញ្ចឹង ឬរត់បណ្ដោយខ្យល់ព្យុះនោះឡើយ៕


ប្រភព: Business Cambodia 

上一篇:4 Tax Tips for Solo Entrepreneurs 下一篇:最新2021年末东南亚跨境电商基本面